លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់ក្រុមបាល់ទាត់វិសាខាអែហ្វស៊ី សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានលើកឡើងពីបញ្ហាប្រឈមក្នុងក្រុមនៅពេលដែលមានសមាជិកជាច្រើនជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំ (U23) ចូលរួមប្រកួតក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី AFC U23 Championship 2020។
គ្រូបង្វឹកកំពុងតែកាន់អាជ្ញាប័ណ្ណ AFC A License រូបនេះបានលើកឡើងថា «ក្រោយចប់ប្រកួតជាមួយក្រុមសូលទីឡូអង្គរ ពួកគាត់ (កីឡាករ) បានបន្ដជាប់ជម្រើសជាតិ U23 ទៀត ហើយបកមកវិញ ខ្ញុំមានពេលត្រឹមតែ២ ទៅ៣ថ្ងៃ ប៉ុណ្ណោះ ដើម្បីធ្វើការជាមួយពួកគាត់ មុនប្រកួតសប្តាហ៍ទី២មកដល់នៅចុងខែនេះ។ អញ្ចឹងអ្វីដែលពិបាកបំផុត គឺកម្មវិធីជម្រើសជាតិ ជាមួយពួកយើងវាពិបាក។ ជារួមពេលនេះយើងមានសមាជិកជាប់ដល់ទៅ៧នាក់ វាធ្វើឲ្យប៉ះពាល់ដល់កម្មវិធីហ្វឹកហាត់របស់ក្រុម និងការលេងជាមួយក្រុមមែនទែន»។
កីឡាករទាំង៧នាក់របស់ក្រុមវិសាខា ដែលស្ថិតក្នុងបញ្ជីក្រុម U23កម្ពុជា មានដូចជាអ្នកចាំទី កែវ សុខសិលា,កីឡាករ អ៊ិន សុដាវីដ,ស៊ិន កក្កដា, កែន ចាន់សុភ័ក្រ,អ៊ុក សុវណ្ណ, ឆេង ម៉េង, ទៀត គឹមហេង។ សូមបញ្ជាក់ថា ក្រុមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពូល H ជាមួយយុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ។
ក្រោយចប់បេសកកម្មនេះ ក្រុមជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា ត្រូវប្រមូលកូនក្រុមឡើងវិញដើម្បីប្រកួតក្នុងសប្ដាហ៍ទី២ ឡើងវិញខណៈក្រុមវិសាខា ត្រូវប៉ះក្រុមកំពូលតារាងគីរីវង់សុខសែនជ័យ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩លើទីលានកីឡដ្ឋានវិសាខា ក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments