ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើយោងតាមផេកហ្វេបុកផ្លូវការ របស់លោកបណ្ឌិតអ៊ិត សំហេង បានឲ្យដឹងថា នាឱកាសនេះលោក SU ZUKI បានសម្តែងនូវការស្វាគមន៍ចំពោះលោកបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសអញ្ជើញមកពិភាក្សាការងារនៅអង្គការរបស់លោក។
លោកប្រធានបានជម្រាបជូនថា អង្គការនេះមានសាខាជាច្រើននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និង រៀបចំបែបបទថ្មីសម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗស្របតាមច្បាប់។
លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមកទទួលបានភាពល្អប្រសើរ ព្រមទាំងស្នើសុំឲ្យមានការសហការគ្នាបន្តទៀត ដើម្បីធ្វើយ៉ាងណាផ្តល់នូវការគាំពារទាំងឡាយស្របតាមច្បាប់ ជាពិសេសការផ្តល់ជំនាញពិតប្រាកដ ដើម្បីពួកគេអាចប្រកបមុខរបរបានទាំងនៅជប៉ុននិងនៅកម្ពុជា។
លោកបណ្ឌិត អ៊ិតសំហេង បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍គណៈប្រតិភូ និងកោតសរសើរចំពោះកិច្ចសហការកន្លងមកដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ និងបានស្នើសុំឲ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចេកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឲ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ព្រមជាមួយនោះសូមជួយផ្សព្វផ្សាយ និងណែនាំដល់សមាគមនាំពលករពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខដើម្បីមានឱកាសពិភាក្សាការងារទាំងនេះឲ្យបានកាន់តែល្អប្រសើរថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments