កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ ត្រូវបានក្លិបធំជាងគេនៅប្រទេសថៃគឺ Buriram United ប្រកាសចុះកិច្ចសន្យានាំយកទៅចូលរួមក្រុមកាលពីដើមសីហា ឆ្នាំ២០១៨ កន្លងទៅក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។
ប៉ុន្តែកីឡាករ ច្រឹង ពលរដ្ឋ បានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ផងដែរ ខណៈរូបគេនៅមិនទាន់ជាដាច់ពីរបួសនៅឡើយនោះទេ។ រំលងបាន១ថ្ងៃក្រោយទៅដល់ក្លិប Buriram United កីឡាកររូបនេះបានត្រឡប់មកកម្ពុជា វិញបន្ទាប់ពីក្លិបឲ្យមកសំរាកព្យាបាលរយៈរបួសឲ្យជាសះស្បើយនិងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយ100%សិន។ ក្លិប Buriram United បានប្រកាសថា ការចុះកិច្ចសន្យាជាមួយ ច្រឹង ពលរដ្ឋ គឺដើម្បីបំពេញកៅអីកូតាអាស៊ាននៅក្នុងលីគកំពូលប្រទេសខ្លួន ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ដោយក្នុងនោះមានកីឡាករតំបន់អាស៊ាន១នាក់ តំបន់អាស៊ី១នាក់និង៣នាក់ផ្សេងទៀតមិនកំណត់ជាតិសាសន៍។ ប៉ុន្តែដោយសារបញ្ហារបួសរបស់កីឡាករកម្ពុជានេះធ្វើឱ្យក្រុម Buriram United សម្រេចចុះកិច្ចសន្យានាំយកកីឡាករ Lương Xuân Trườngរបស់ប្រទេសវៀតណាម ក្នុងកិច្ចសន្យា១ឆ្នាំជំនួសតែម្តង។
កីឡាករ ច្រឹង ពលរដ្ឋ បានលើកឡើងថា ចំពោះបញ្ហារបួសរបស់ខ្លួនគឺជាសះស្បើយច្រើន ហើយនៅខែមេសា ខាងមុខរូបគេនឹងធ្វើដំណើរទៅពិនិត្យពេទ្យនៅក្រៅប្រទេសបន្តទៀតដើម្បីប្រាកដពីស្ថានភាពរបួសខ្លួន ខណៈពេលនេះរូបគេអាចចូលរួមហ្វឹកហាត់ជាមួយក្រុមចាស់ក្រសួងការពារជាតិ បណ្តើៗហើយព្រោះក្លិបបានចុះឈ្មោះកីឡាករ ច្រឹង ពលរដ្ឋ ក្នុងបញ្ជីរួចរាល់។ កីឡាកររូបនេះជឿជាក់ថា នៅជើងទី២ក្នុងលីគកំពូលកម្ពុជា រូបគេអាចបង្ហាញខ្លួនឡើងវិញបានហើយ។
សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មានពាក្យចចាមអារ៉ាមថាក្លិបបាល់ទាត់ Chonburi FC ដែលជាសមាជិកនៃលីគកំពូលប្រទេសថៃ តាមប្រមាញ់យកទៅចូលរួមក្រុម ក្រោយចប់ស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី តែក្រោយមកព័ត៌មាននេះក៏ស្ងប់ទៅវិញ។ មុនរដូវកាលថ្មីឆ្នាំ២០១៧ ចាប់ផ្តើមក៏មានដំណឹងមកពីប្រទេសសិង្ហបុរី មានក្លិបតាមចាប់អារម្មណ៍កីឡាកររូបនេះដែរ តែក៏ស្ងប់ស្ងាត់ជាបន្តទៀត។ រូបក៏បរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបចំណូលថ្មីវិសាខា ផងដែរ និងចុងក្រោយលេចឮថា មានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងដែរតែមិនមានដំណឹងបន្ថែម។
កីឡាករវ័យ២១ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបានលោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments