កីឡាករ ម៉ាត់ សាក់រវី ខ្សែប្រយុទ្ធរបស់ក្លិបកីឡាបាល់ទាត់វិសាខា និងជាសមាជិកក្រុមជម្រើសជាតិយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជា (U22) កំពុងធ្វើការវះកាត់ជង្គង់ខាងស្ដាំ នៅមន្ទរពេទ្យមួយកន្លែង ក្នុងប្រទេសវៀតណាម ក្រោយរងរបួសដាច់សរសៃ អំឡុងពេលជួយក្រុមជម្រើសជាតិ U22 កម្ពុជា ក្នុងយុទ្ធការប្រកួតពានរង្វាន់ AFF U22 Championship 2019 លើទឹកដីកម្ពុជា កាលពីពេលថ្មីៗ។
ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និងកីឡាករទាំងអស់ នៃគ្រួសារក្លិបកីឡាបាល់ទាត់ វិសាខា បានបួងសួងគុណបុណ្យបារមី និងវត្ថុស័ក្ដិសិទ្ធទាំងឡាយ តាមថែរក្សាកីឡាករ ម៉ាត់ សាក់រវី ឲ្យទទួលបានជោគជ័យក្នុងការវះកាត់ជង្គង់ ហើយឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ចូលទីលាន រួមចំណែកជួយក្លិប និងក្រុមជម្រើសជាតិកម្ពុជាបន្ដទៀត។ យ៉ាងណាក្តីកីឡាកររូបនេះបានអវត្តមានមិនអាចជួយក្រុមបាននោះទេនៅដើមរដូវកាលឆ្នាំ២០១៩នេះ។
យោងតាមវិបសាយផ្លូវការរបស់ក្លិបកីឡាបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា ( Metfone Cambodian League) បានថ្លែងអំណរគុណ ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់លោក សៅ សុខា ដែលបានយកចិត្តទុកដាក់ សួរសុខទុក្ខ និងបានចំណាយថវិកាលើការព្យាបាលវះកាត់ជង្គង់របស់កីឡាករ ម៉ាក់ សាក់រវី ផងដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល ម៉ាត់ សាក់រវី បានធ្វើការវះកាត់ជង្គង់ គ្រាដែលលើកទី១ បានវះកាត់ជង្គង់ខាងឆ្វេង កាលពីឆ្នាំ២០១៧ ហើយអ្វីៗបានជាសះស្បើយក្រោយព្យាបាលតាមការកំណត់រួចរាល់។ ចំពោះការវះកាត់ជង្គង់ខាងស្ដាំលើកនេះ នៅមិនទាន់មានការបញ្ជាក់ពីគ្រូពេទ្យអំពីរយៈពេលត្រូវសម្រាកនោះទេ ព្រោះក្រុមវេជ្ជបណ្ឌិតកំពុងធ្វើការវះកាត់នៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments