ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសុក្រថា សកម្មជនស្ត្រីអារ៉ាប៊ីសាអ៊ូឌីតដែលត្រូវបានឃាត់ខ្លួនកាលពីឆ្នាំមុន ក្នុងការបង្ក្រាបលើអ្នកធ្វើយុទ្ធនាការ នឹងត្រូវឡើងតុលាការ។
ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) បាននិយាយថា “ព្រះរាជអាជ្ញាសាធារណៈចង់ប្រកាសថា ខ្លួនបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននិងបានរៀបចំបញ្ជីចោទប្រកាន់ប្រឆាំងនឹងចុងចោទហើយនឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការពាក់ព័ន្ធ”។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍សង្ខេបនេះមិនបានកំណត់អត្តសញ្ញាណជនជាប់ចោទជាសកម្មជនស្ត្រីដោយផ្ទាល់ឬកំណត់កាលបរិច្ឆេទសម្រាប់នីតិវិធីតុលាការទេ។
សកម្មជនជាង១២នាក់ត្រូវបានចាប់ខ្លួនកាលពីខែឧសភាឆ្នាំមុន មុនពេលការដកបម្រាមអាយុកាលមួយទសវត្សរ៍ជាប្រវត្តិសាស្ត្រលើអ្នកបើកបរភេទស្រីនៅខែបន្ទាប់នោះ។
ភាគច្រើនក្នុងចំណោមពួកគេគឺត្រូវបានគេចោទប្រកាន់ថាបានធ្វើឲ្យខូចសន្ដិសុខនិងជួយសត្រូវរបស់រដ្ឋ។ មនុស្សមួយចំនួនត្រូវបានគេដោះលែងជាបន្តបន្ទាប់។
ក្រុមសិទ្ធិមនុស្សនិងសមាជិកគ្រួសាររបស់ពួកគេបាននិយាយថា អ្នកដែលត្រូវបានឃុំខ្លួនមួយចំនួនបានប្រឈមនឹងការយាយីផ្លូវភេទនិងការធ្វើទារុណកម្មក្នុងអំឡុងពេលសួរចម្លើយ។
យ៉ាងណាក្តី រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានច្រានចោលការចោទប្រកាន់ទាំងនេះ។
សេចក្តីថ្លែងការណ៍របស់ SPA កាលពីថ្ងៃសុក្របាននិយាយថា “ព្រះរាជអាជ្ញាសាធារណៈចង់បញ្ជាក់ថា ជនជាប់ឃុំទាំងអស់នៅក្នុងករណីនេះគឺទទួលបាននូវសិទ្ធិទាំងអស់ដែលត្រូវបានរក្សាទុកដោយច្បាប់នៅក្នុងព្រះរាជាណាចក្រនេះ”។
ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការលើកលែងទោសអន្តរជាតិ។
លោក Samah Hadid នាយកយុទ្ធនាការប្រចាំតំបន់មជ្ឈិមបូព៌ារបស់អង្គការនេះបាននិយាយថា “សកម្មជនសិទិ្ធនារីទាំងនេះគួរតែត្រូវបានដោះលែងពីការឃុំឃាំងដោយសារតែសកម្មភាពសន្តិភាពរបស់ពួកគេមិនមែនសំដៅទៅលើការកាត់ទោសទេ។ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានបន្តការបង្ក្រាបរបស់ពួកគេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments