ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ«ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវកត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លៃងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ ៛ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ ៛ ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកៀរគរអ្នកចូលរួមគាំទ្រកាន់តែច្រើនកុះករ និងអធិកអធមមកពីគ្រប់អ្នកពាក់ព័ន្ធ និងមហាជនទូទៅ។ បណ្ដុះទម្លាប់ការអានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌អរិយធម៌ខ្មែរដល់សិស្សនិស្សិតមន្ត្រីរាជការប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា។ លើកកម្ពស់រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ទន្ទឹមនឹងនេះ ទិវាជាតិអំណានេះ ស្របទៅនឹងរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងការអភិវឌ្ឍធនធានមនុស្សកសាងជាតិឲ្យមានភាពរីកចម្រើនជឿនលឿនដូចប្រទេសអភិវឌ្ឍន៍នានាលើសកលលោក។
ជាងនេះទៅទៀត ក្រសួងអប់រំ បានចាត់ទុកថា អំណាន ជាធាតុដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយវិជ្ជាសម្បទាបំណិនសម្បទា និងចរិយាសម្បទាដើម្បីឆ្លើយតបគោលដៅអប់រំជាតិ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៩នេះ ទិវាជាតិអំណាននេះ គឺជាលើកទី៤ហើយដែល មានប្រធានបទផ្សេងៗគ្នាដូចជាឆ្នាំ ២០១៦ ទិវានេះធ្វើក្រោមប្រធានបទ«បណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន»។
ឆ្នាំ២០១៧មានប្រធានបទ «អានដើម្បី ភាពសុខដុមនៃជីវិត»។ ឆ្នាំ ២០១៨«អំណានជាកំណប់វិជ្ជាមហាសាល»និងឆ្នាំ២០១៩នេះក្រោមប្រធានបទ«ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត»។
លោករដ្ឋមន្ត្រីបានបានបន្តទៀតថា ប្រធានបទឆ្នាំនេះ ស្របនឹងពាក្យស្លោកមួយចំនួនដូចខាងក្រោម ដូចជាអំណាន ជាចំណេះវិជ្ជាជាឃ្លាំងប្រាក់។ អំណាន គឺជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង។ អំណានតាមបច្ចេកវិទ្យាជាវិជ្ជាសម្បទាសតវត្សទី២១។ អំណាន ជាប្រភព នៃចំណេះដឹង អំណាន ជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតអានច្រើនចំរើនប្រាជ្ញា គតិជ្រះថ្លា ចំណេះដឹងមហាសាល។
សៀវភៅជាឃ្លាំងអំណានជាយានឈានទៅរកចំណេះដឹងឪពុកម្ដាយ និងកូន ហើយយើងទាំងអស់គ្នាអានអានច្រើនសរសេរច្រើនកើនចំណេះអាន ដើម្បីការអភិវឌ្ឍ។
សម្រាប់ទិវាជាតិអំណានឆ្នាំនេះ ក្រសួងអប់រំក៏មានការរៀបចំការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធដើម្បីទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន និងសកម្មភាពអំណានផ្សេងៗនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
ការប្រកួតប្រជែងបកស្រាយអត្ថបទអក្សរសិល្ប៍ ក្រោមប្រធានបទ«តថភាពសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍រឿងកូលាបប៉ៃលិន និងផ្កាស្រពូន» ក្នុងចំណោមបុគ្គលិកអប់រំ។ រៀបចំស្តង់ថតរូប និងពិព័រណ៍សៀវភៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចែកសៀវភៅដោយឥតគិតថ្លៃដល់អ្នកចូលរួមប្រមាណ៤០០០ក្បាលផងដែរ។
លោករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា ទិវាអំណាចឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗទៀត ផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានជំរុញឲ្យយុវជនចូលរួមអានសៀវភៅជាភាសាជាតិនិងការអានអក្សរសិល្ប៍របស់ខ្លួនឲ្យបានច្រើន ដើម្បីលើកកម្ពស់ និងអភិរក្សអក្សរសាស្ត្រខ្មែរឲ្យបានគង់វង្ស និងខិតខំសិក្សាស្រាវជ្រាវលើភាសាខ្មែរ និងការបោះពុម្ពផ្សាយជាភាសាខ្មែរឲ្យច្រើនសម្រាប់ទុកឲ្យយុវជនជំនាន់ក្រោយបានដឹងពីស្នាដៃ និងបានអាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។
ការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួនណាត និងមានបំណងដើម្បីរំលឹកដល់វីរភាពរបស់សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌អក្សរសាស្ត្រខ្មែរពីអាណានិគមនិយមបារាំង៕
Source: Kampuchea Thmey Daily
0 Comments