ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យយុវជនអានសៀវភៅជាភាសាជាតិរបស់ខ្លួន និងការអានអក្សរសិល្ប៍របស់ខ្លួនឲ្យបានច្រើនដើម្បីលើកកម្ពស់ និងអភិរក្សអក្សរសាស្ត្រខ្មែរឲ្យបានគង់វង្ស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត» កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា យុវជនចូលរួមអានសៀវភៅភាសាជាតិពិសេសអក្សរសិល្ប៍ បានច្រើននេះ គឺដើម្បីជាការលើកទឹកចិត្តឲ្យអ្នកនិពន្ធដែលសរសេររឿងផ្សេងៗកាន់តែខិតខំសរសេរនិពន្ធសៀវភៅជាភាសាខ្មែរឲ្យបានច្រើនថែមទៀតផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា «ការអាន គឺពិតជាមានសារៈសំខាន់ណាស់ បើសិនជាយើងអានបានតិចចំណេះ ដឹងរបស់យើង ក៏មានតិចផងដែរ ដូចនេះការអាន គឺមានសំខាន់ណាស់ ព្រោះអំណាន គឺជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង បើយើងអានមិនបានច្រើននោះទេ យើងនឹងមិនបានចំណេះដឹងច្រើននោះដែរ ហើយយើងក៏មិនទទួលបាននូវចំណេះដឹង និងបំណិនជីវិតផ្សេងៗបានច្រើននោះដែរ»។
លោករដ្ឋមន្ត្រីបានធ្វើការប្រៀបធៀបថា នៅក្នុងយុគសម័យនៃបច្ចេកវិទ្យា មនុស្សគឺមានលក្ខណៈផ្សេងៗគ្នាក្នុងការអាន និងការរៀនសូត្ររបស់ពួកគេ ដែលកាលពីពេលមុន មនុស្សគឺរៀនតាមសៀវភៅច្រើន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មនុស្សមិនត្រឹមតែរៀនពីសៀវភៅនោះទេ គឺពួកគេអាចរៀនពី Facebook រៀនពី youtube និងមានការរៀនសូត្រច្រើនបែបថែមទៀត ហើយដោយសារតែមានប្រព័ន្ធបច្ចេកវិទ្យាក្នុងការរៀននោះ ទើបធ្វើឲ្យនាពេលបច្ចុប្បន្ននេះ មនុស្សអានសៀវភៅ និងអានភាសាជាតិកាន់តែតិចទៅៗ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានអំពាវនាវឲ្យយុវជនចូលរួមលើកកម្ពស់ក្នុងការអានសៀវភៅ អានភាសាជាតិរបស់ខ្លួន និងការអានអក្សរសិល្ប៍របស់ខ្លួនឲ្យបានច្រើនផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា «ប្រសិនបើយុវជនមិនអានជាភាសាជាតិរបស់ខ្លួនទេ ហើយអានតែភាសាបរទេសនោះ វានឹងមិនធ្វើឲ្យភាសាជាតិរបស់យើង បានរីកចម្រើននោះទេ មួយវិញទៀតនោះ នឹងមិនធ្វើឲ្យមានការលើកទឹកចិត្តដល់អ្នកនិពន្ធ ក្នុងការសរសេរសៀវភៅជាភាសាខ្មែរនោះដែរ ដូចនេះយើងត្រូវតែអានភាសាខ្មែរយើងឲ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តឲ្យអ្នកនិពន្ធ បានសរសេរនិពន្ធសៀវភៅជាភាសាខ្មែរ ដើម្បីចូលរួមអភិរក្សនូវអក្សរសាស្ត្រខ្មែរយើង»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើប្រទេសមួយ មិនមានការរីកចម្រើនខាងវិទ្យាសាស្ត្រនោះទេ ប្រទេសនោះក៏មិនមានការរីកចម្រើននោះទេ ប្រទេសដែលមានការរីកចម្រើន គឺជាប្រទេសដែលមានយុវជនចូលចិត្តក្នុងការអានច្រើន ទាក់ទងទៅនឹងអក្សរសិល្ប៍ ការអានប្រលោមលោក និងការអានជាលក្ខណៈវិទ្យាសាស្ដ្រ ហើយនៅពេលបច្ចុប្បន្ននេះបច្ចេកវិទ្យា គឺបានវិវត្តទៅយ៉ាងលឿន ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាមតាមឲ្យទាន់នូវបច្ចេកវិទ្យាថ្មីៗ ដូចនេះទាមទារឲ្យយុវជនត្រូវតែអានឲ្យបានច្រើន ដើម្បីសម្រេចបាននូវជោគជ័យ បើសិនជាយុវជនអានមិនបានអានច្រើននោះទេ នោះក៏មិនអាចធ្វើអ្វីបានសម្រេចជោគជ័យនោះដែរ។
គួរបញ្ជាក់ថា ទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត» នឹងធ្វើឡើងនៅថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ក្នុងគោលបំណងដើម្បីបណ្តុះការអាន ជំរុញវប្បធម៌អាន លើកកម្ពស់អាន និងតែងនិពន្ធប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments