Ad Code

UN ជំរុញ​ប្រទេស​បង់​ក្លា​ដែ​ស​ កុំ​បិទទ្វារ​ចំពោះ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា



កាលពី​ថ្ងៃ​សុក្រ អង្គការសហប្រជាជាតិ​ បាន​សង្កត់ធ្ងន់​ថា ជនភៀសខ្លួន​ដែល​កំពុង​រត់គេច​ពី​ជម្លោះ​គួរតែ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ជម្រក​សុវត្ថិភាព​បន្ទាប់ពី​ប្រទេស​បង់​ក្លា​ដែ​ស​បានប្រកាសថា ខ្លួន​នឹង​លែង​ទទួលយក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ទៀតហើយ។

រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​សលោក Shahidul Haque បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិបត្តិ​ជនភៀសខ្លួន​គឺ​កាន់តែ​អាក្រក់​ទៅៗ​ហើយ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការពិត​ដែលថា គ្មាន​ជនភៀសខ្លួន​ណា​ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ដែល​ជ្រកកោន​នៅក្នុង​ប្រទេស​របស់គាត់​បាន​ត្រលប់​ទៅផ្ទះ​វិញ​ទេ​។​

អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយថា “​ប្រទេស​បង់​ក្លា​ដែ​សមានភាព​សប្បុរសធម៌​យ៉ាងខ្លាំង​នៅក្នុង​ការគាំទ្រ​ដែល​ពួកគេ​បានផ្តល់​ទៅ​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ វា​ជាការ​សំខាន់​ណាស់​ដែលថា មនុស្ស​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​អាច​រក​កន្លែង​មាន​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ទៅ​”​។​

ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​បានសម្រេច​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​មួយចំនួន​មកវិញ​ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ទទូចថា សុវត្ថិភាព​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​គឺជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការវិល​ត្រលប់​របស់​ពួកគេ​។​

លោក Haque បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​បញ្ហា​មី​យ៉ាន់​ម៉ា​ថា “​ប្រទេស​បង់​ក្លា​ដែ​ស​នឹងមិន​មានលទ្ធភាព​ទទួលយក​មនុស្ស​បន្ថែ​ម​ទៀត​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​”​។ លោក​បង្ហាញថា​រដ្ឋាភិបាល​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បិទ​ព្រំដែន​ចំពោះ​ជនភៀសខ្លួន​។​

គួរ​បញ្ជាក់ថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០,០០០​នាក់​កំពុង​រស់នៅក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​បន្ទាប់ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងអំឡុងពេល​យុទ្ធនាការ​យោធា​មួយ​កាលពី​ឆ្នាំ​២០១៧​ដែល​អង្គការសហប្រជាជាតិ​បាន​ពណ៌នា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu