ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះថា បុរស ស្ត្រីជនជាតិចិនចំនួន១៣នាក់ ដែលបានឃាត់ខ្លួននៅក្លឹបកម្សាន្តរ៉ុក ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចនាយកដ្ឋានអនុវត្តនីតិវិធីបានឲ្យដឹងថា ខាងនាយកដ្ឋានបានទំនាក់ទំនងទៅខាងស្ថានទូតចិនរួចហើយ ដើម្បីអនុវត្តការបណ្ដេញចេញទៅប្រទេសកំណើតវិញរបស់បុរស/ស្ត្រីជនជាតិចិនទាំង១៣នាក់នោះ។
ដោយឡែកយុវជនខ្មែរប្រុស /ស្រី ចំនួន១៧នាក់ ដែលនគរបាលបញ្ជូនមកតុលាការនោះ កំពុងត្រូវបានសាកសួរនៅក្នុងដំណាក់កាលស៊ើបសួររបស់ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ ដោយមិនទាន់សម្រេចបែបណាទេ ព្រោះក្រុមយុវជន យុវនារីទាំង១៧នាក់ មានស្តុកសារធាតុញៀននៅក្នុងខ្លួនយ៉ាងពេញទំហឹង។
សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរ៉ុកពិតមែនតែសមត្ថកិច្ចធ្វើទៅចំគោលដៅល្អឥតខ្ចោះ រឹបអូសគ្រឿងញៀនបានយ៉ាងសន្ធឹក ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៣១២នាក់ មើលទៅសម្បើមណាស់ តែទីបំផុតរកអ្នកទទួលខុសមិនឃើញ សូម្បីតែឧកញ៉ា គិត ធាង ជាម្ចាស់អាជីវកម្ម ចុះកិច្ចសន្យាជាមួយសមត្ថកិច្ចមូលដ្ឋានថា មិនឲ្យមានការលក់ដូរ ផលិតគ្រឿងញៀន ក៏អត់មានកំហុសដែរ សូមសរសើរនីតិវិធីដំណោះស្រាយនេះខ្លាំងណាស់៕
Source: Kampuchea Thmey Daily
0 Comments