ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអំពាវនាវដល់ក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានសកម្មថែមទៀត ដើម្បីលើកកម្ពស់គុណភាពការងារឲ្យកាន់តែប្រសើរឡើង។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា «ឆ្នាំ២០១៩នេះយើងខិតខំធ្វើរឿងចំនួនពីរគឺរឿងទី១ធ្វើមិចឲ្យមន្ត្រីរាជការមានស្មារតីភ្ញាក់រលឹកដើម្បីបម្រើសេវាសាធារណៈ ដើម្បីជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អប្រសើរនិងទី២បន្តពង្រីកវប្បធម៌នៃការទទួលលការខុសត្រូវរបស់មន្ត្រីរាជការម្នាក់ឲ្យបានល្អប្រសើរ»។
ការជំរុញរបស់លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន នេះបានធ្វើឡើងបន្ទាប់ពីមានមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នមួយចំនួននៅមិនទាន់មានការយល់ដឹងពីខ្លឹមសារនៃការផ្តល់សេវាសាធារណៈឲ្យបានទូលំទូលាយនៅឡើយដូចជាទាក់ទងនឹងការដំឡើងឋានៈជូនមន្ត្រីរាជការដែលតម្រូវឲ្យ២ឆ្នាំឡើង១ឋានៈ ប៉ុន្តែមន្ត្រីនាយកដ្ឋានរដ្ឋបាលនៅតាមក្រសួងស្ថាប័ននីមួយៗមានការយឺតយ៉ាវក្នុងការធ្វើសំណើរមកកាន់ក្រសួងមុខងារសាធារណៈ។
លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានបន្តថា ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលានិងតម្លាភាពនឹងជួយលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការខិតខំបំពេញកិច្ចការងារជូនដល់ក្រសួងស្ថាប័នរបស់ខ្លួនថែមទៀតក៏ដូចជាទទួលបាននូវទំនុកចិត្តពេញលេញពីសាធារណជនថែមទៀតផង។
លោករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័ននានាបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការរបស់ខ្លួនឲ្យបានលឿននិងឆាប់រហ័សពិសេសត្រូវបញ្ជូនឈ្មោះមន្ត្រី ដែលត្រូវឡើងឋានៈមកកាន់ក្រសួងឲ្យបានមុនថ្ងៃទី១៣ ខែមេសាដើម្បីឲ្យក្រសួងបានរៀបចំឯកសារដំឡើងឋានៈ ដល់មន្ត្រីឲ្យបានទាន់ពេលវេលាដែលនឹងធ្វើឲ្យមន្ត្រីរាជការទទួលបានភាពរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពបានលើកឡើងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាដល់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលត្រូវលុបបំបាត់បាតុភាពការជ្រើសរើសមន្ត្រីរាជការចូលបម្រើតាមក្រសួងស្ថាប័ននានា ត្រូវជ្រើសរើសមន្ត្រីរាជការដែលមានគុណភាពដើម្បីបម្រើសេវាជួនប្រជាពលរដ្ឋឲ្យចុះទិសដៅនិងតម្លាភាពសំដៅបង្កើនទំនុកចិត្តដល់សាធារណជនឲ្យមកទទួលសេវាកាន់តែច្រើនថែមទៀត។
ទន្ទឹមនឹងនេះ លោកបានជំរុញឲ្យមានការធ្វើកំណែទម្រង់ស្ថាប័ននិងពង្រឹងធនធានមនុស្សនៅតាមស្ថាប័នបន្ថែមទៀត ដើម្បីឲ្យមន្ត្រីរាជការមានជំនាញច្បាស់លាស់និងមានសមត្ថភាពខ្ពស់ទៅតាមវិស័យនីមួយៗសម្រាប់បម្រើសេវាដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments