Ad Code

គ្រូបង្វឹក​បឹងកេត បន្ត​សម្លឹង​ឃើញ​ចំណុច​ខ្វះខាត​របស់​ក្រុម​ទោះបី​ឈ្នះ​នៅ​ប្រកួត​បើកឆាក​ក៏ដោយ



លោក ហៅ សុជាតិ គ្រូ​បង្គោល​ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​ បាន​យល់​ឃើញ​ថា ​កូនក្រុម​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែល​ត្រូវ​កែតម្រូវ​ទៀត ទោះបីជា​ប្រកួត​បើកឆាក​កាល​ពី​ពេល​ថ្មី អាច​យកឈ្នះ​លើ​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ៣​ទល់​២ ក៏ដោយ​។

គ្រូបង្វឹក​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​រូប​នេះ​ បាន​បញ្ជាក់​ថា ​ក្រុម​ទាំងអស់​មាន​ទាំង​ការ​ពង្រឹង​ធនធាន​កីឡាករ របៀប​ហ្វឹកហាត់ និង គ្រូបង្វឹក​ថ្មី​ពូកែៗ​ផងដែរ​។ លោក​ថា «​និយាយ​ទៅ​យើង​ទទួលបាន​៣​ពិន្ទុ យើង​លេង​បាន​ល្អ​មែន​ប៉ុន្តែ យើង​អត់​ទាន់​ដល់​កម្រិត​នៃ​ការ​ប្រជែង​ជើងឯក​នោះ​ទេ ដោយសារ​យើង​អត់​ទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ ដោយសារ​យើង​មើលឃើញ​កង្វះ​ខ្វះខាត​ជាច្រើន និយាយ​ទៅ​ទាំង​ការ​សហការ​គ្នា​លេង ទាំង​ពេល​យើង​ការពារ គឺ​យើង​បញ្ហា​»​។



លោក ហៅ សុជាតិ បាន​បញ្ជាក់​ថា ​ក្លិប​បឹង​កេត​នា​ពេល​បច្ចុប្បន្ន​ក៏​កំពុង​ព្យាយាម​រៀបចំ​ឲ្យ​បានល្អ​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ទាំង​ក្នុង​លី​គ​កំពូល និង ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។ បែប​ណា​ក្ដី លោក​ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​មួយចំនួន ពាក់ព័ន្ធ​ភាព​យល់ចិត្ត​គ្នា​លើ​ទីលាន ដ្បិត​មាន​កីឡាករ​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស​មាន​ច្រើន​។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​២ ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​នៅ​វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា ឆ្នាំ​២០១៩​។

សូម​រំលឹក​ថា ​ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹមវគ្គ​៨ក្រុម​ចុង​ក្រោយ​ ​ក្រោយ​ចាញ់​ក្រុម​ណាហ្គាវើល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu