ក្លិបបាល់ទាត់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាល ភ្នំពេញក្រោន បានរៀបចំដោះដូរកៅអីអង្គុយសម្រាប់អ្នកគាំទ្រទស្សនាជុំវិញកីឡដ្ឋាន RSN Stadium រួចរាល់មុនរដូវកាលឆ្នាំ២០១៩ ខណៈថ្នាក់ដឹកនាំរបស់ក្លិបបានប្រកាសផ្លាស់ប្តូរឈ្មោះកីឡដ្ឋានរបស់ខ្លួនបន្ទាប់ពីមានម្ចាស់ឧបត្ថម្ភធំទិញសិទ្ធិលើឈ្មោះនេះ។
យោងតាមវិបសាយផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា កីឡដ្ឋាននេះមានទីតាំងស្ថិតនៅលើផ្លូវលេខ១៨០០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ កីឡដ្ឋាននេះមានទីលានស្មៅធម្មជាតិ និងអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់។ តាំងពីបង្កើតមកកីឡដ្ឋាននេះឈ្មោះថា“កីឡដ្ឋាន RSN ឬ RSN Stadium” នេះគឺជាអក្សរកាត់ជាភាសាអង់គ្លេសមកពីឈ្មោះរបស់ប្រធានក្លឹបគឺ លោកឧកញ៉ា ឬទ្ធី សំណាង (Rithy Sam Nang)។ ប៉ុន្តែនៅថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះក្លិបបានសម្រេចផ្លាស់ប្តូរឈ្មោះទៅជា«កីឡដ្ឋាន Smart RSN Stadium»។
ក្រោយសាងសង់រួចរាល់ពីឆ្នាំ២០១៥ មកកីឡដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធនានាដូចជា បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់កីឡាករ, សាល VIP, អាហារដ្ឋាន ព្រមទាំងកន្លែងហាត់ប្រាណផងដែរ។ នៅឆ្នាំបន្ទាប់ (២០១៦) ក្លិបបានចំណាយប្រាក់ប្រមាណជាង ៣០ម៉ឺនដុល្លារអាមេរិកដើម្បីផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺទីលានស្របទៅតាមស្តង់ដារសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ខណៈកាលពីដើមឆ្នាំ២០១៩នេះ ក្លិបក៏ទើបតែបានបំពាក់កៅអីថ្មីនៅសាលមានដំបូល (Grand Stand) ជាមួយនឹងរង្វង់ចំណាយជាង ៧ម៉ឺនដុល្លារថែមទៀត។
សូមបញ្ជាក់ថា អស់រយៈកាលជាង ៤ឆ្នាំមកនេះ កីឡដ្ឋាន RSN បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនហើយអ្វីដែលមិនអាចបំភ្លេចបាននោះ គឺក្នុងឆ្នាំដំបូងនៃការសម្ពោធឲ្យប្រើប្រាស់កីឡដ្ឋាន RSN ជាផ្លូវការ ក្រុមភ្នំពេញក្រោន ក៏បានឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ ដែលជាជ័យជម្នះលើកទី៦ របស់ខ្លួនតែម្តង។ ជាការកត់សម្គាល់ ចាប់តាំងពីការបើកប្រើប្រាស់ជាផ្លូវការមក កីឡដ្ឋាន RSN បានក្លាយជាមូលដ្ឋានសម្រាប់ក្រុមភ្នំពេញក្រោន ទាំងក្នុងការប្រកួតពានសម្តេចតេជោ ហ៊ុន សែន និងលីគគំពូលកម្ពុជា រួមជាមួយនឹងការផ្តល់ទីលានសម្រាប់ព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀតដូចជាការប្រកួត RSN Youth Cup, Asia Champion Trophy (U18) 2015, International Friendly Match of Morocco vs Cambodia All-Stars, វគ្គជម្រុះ AFC Cup 2016, វគ្គជម្រុះ AFF Suzuki Cup 2016 (Laos vs Brunei) និងវគ្គជម្រុះពូលពាន AFF U22 Championship 2019 (Malaysia vs Myanmar) ជាដើម៕
Source: Kampuchea Thmey Daily
0 Comments