Ad Code

ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ទទួល​បាន​ជោគជ័យ ជាមួយ​ការចូលរួម​យ៉ាងច្រើន​កុះករ​



ភ្នំពេញ ​៖ ​កម្មវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ធ្វើឡើង​ក្រោម​ប្រធានបទ “​ផែនទី​បង្ហាញផ្លូវ អាស៊ាន ទៅកាន់​ឧស្សាហកម្ម ៤.០” គឺជា​កម្មវិធី​ពិព័រណ៍ រួម​ជាមួយនឹង​សន្និសីទ ស្តី​អំពី​បច្ចេកវិទ្យា​ឌីជីថល​ដំបូង​គេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ ជាមួយ​ការ​គាំទ្រ​ចូលរួម​យ៉ាងច្រើន​កុះករ លើសពី​ការរំពឹងទុក​។

កម្មវិធី​នេះ ទទួល​បាន​ការចូលរួម​ពី​មហាជន​ទូទៅ​, យុវជន ជា​សិស្សានុសិស្ស​, អ្នកបច្ចេកទេស​, ចូលចិត្ត​ខាង​ផ្នែក​បច្ចេកវិទ្យា​, អាជីវកម្ម​ទាក់ទង​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅក្នុង​ស្រុក និង​ក្នុង​តំបន់​, តំណាង​របស់​រដ្ឋាភិបាល​, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ សរុប​ប្រមាណ​ជា ១៥,០០០​នាក់ ជា​រៀងរាល់​ថ្ងៃ ក្នុង​រយៈពេល ៣​ថ្ងៃ​។



កម្មវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ត្រូវ​បាន​រៀបចំ​ដោយ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)​ចាប់ពី​ថ្ងៃទី ១៥ រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ដោយមាន​ការ​ចូលរួម​របស់​វាគ្មិន​សំខាន់ៗ ជាង ១០០​រូប​, ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដឹកនាំ​ដោយ​អ្នកជំនាញ ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​, អ្នកចូលរួម​តាំងពិព័រណ៍​ផលិតផល និង​សេវាកម្ម​ជាង ១៥០​ស្ដង់ រួម​ជា​មួយ​ឆាក​ហ្គេម​ដ៏​ធំ ដែល​ទាក់ទាញ​អ្នកជំនាញ​លេង​ហ្គេម​ចូលរួម​ប្រកួតប្រជែង និង​អ្នកគាំទ្រ​ចូលរួម​ទស្សនា​យ៉ាងច្រើន​ផងដែរ​។



កម្មវិធី​ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ ត្រូវ​បាន​បើក​ដំណើរការ ក្រោម​អធិបតី​ភាព លោក​អគ្គ​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំណែកឯ​វាក្មិន និង​មន្ត្រី​ជាន់​ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្នុង​វេទិកា រួមមាន លោក​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម​, លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក វ​ង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​, លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ ក្រសួង​មុខងារ​សាធារណ រួម​ជា​មួយ​មន្ត្រី​តំណាង មកពី​ប្រទេស​វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និង​ហ្វីលីពីន​ផងដែរ​។



ចំណែក​វាគ្មិន ពោរពេញ​ដោយ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅក្នុង​វិស័យ​ឯកជន រួមមាន​លោក David LI នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​, លោក​បណ្ឌិត Susan AMAT អនុប្រធាន និង​នាយក​ប្រតិបត្តិ នៃ​បណ្តាញ​សហគ្រិនភាព​សកល GEN, លោក​បណ្ឌិត Chawapol JARIYAWIROJ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស របស់​ក្រុមហ៊ុន Amazon Web Services ប្រទេស​ថៃ​។ ចំណែក​អ្នកចូលរួម និង​វាគ្មិន​លេចធ្លោ​ផ្សេងទៀត រួមមាន​តំណាង​មកពី​ធនាគារ​, Fintech, ស្ថាប័ន​អប់រំ​ជាន់ខ្ពស់ និង​អង្គការ​អន្តរជាតិ​។

កម្មវិធី ពិព័រណ៍ ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ រៀបចំ​ធ្វើឡើង​ជាមួយ​គោលបំណង​សំខាន់ៗ​ចំនួន ៥ គឺ ១. បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកបដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​, ២. បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ​និង​គតិយុត្តិ និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន​, ៣. បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិនអាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​យុវជន​និង​ស្ត្រី ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត និង​ជំនាញ​បច្ចេកទេស បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ផលិតភាព និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ៤. កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (Startup) អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ ព្រមទាំង​សង្គម​ស៊ីវិល ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ឧត្តមានុវត្តន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​, ៥. ជំរុញ​អំពី​សហគ្រិនភាព និង​នវានុវត្តន៍​ថ្មីៗ​, និង​៦. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី (Startup) ជាមួយ​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​។



លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​បុគ្គល​មួយរូប ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​កម្មវិធី ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ កើតមានឡើង បាន​មានប្រសាសន៍ថា “​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម សម្រាប់​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ការ​ធ្វើ​សមាហរណកម្ម ឲ្យ​កាន់តែ​ប្រសើរ​ឡើង សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​អន្តរជាតិ ដោយ​បង្វែរ​ទៅ​រក​មូលដ្ឋាន​ឧស្សាហកម្ម​ចម្រុះ ដែល​គាំទ្រ​ការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​រយៈពេល​វែង និង​មួយ​ផ្នែក​ទៀត គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគិន ដែល​ចាប់អារម្មណ៍ ជាមួយ​ការ​វិនិយោគ​ក្នុង​ផ្នែក​ឌីជីថល និង​ឱកាស​ជាច្រើន​ទៀត​។ ការវិនិច្ឆ័យ​ដោយ​ភាព​ជោគជ័យ និង​កម្លាំងចលករ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍​នេះ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​។ នៅក្នុង​ប្រទេស​កម្ពុជា យើង​មាន​វិធានការ​ជាក់ស្តែង ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស និង​ពង្រឹងគុណភាព និង​ភាពជឿជាក់ នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​និង​សេវាកម្ម​។ លើសពីនេះ​ទៀត យើង​កំពុង​ចាត់វិធានការ​ដើម្បី​ធានា​ថា ក្របខ័ណ្ឌ​ច្បាប់ ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​សេវាកម្ម អនុញ្ញាត​ឲ្យ​បច្ចេកវិទ្យា​ឌីជីថល ទទួលយក​ឱកាស​វិនិយោគ​និង​បង្កើន​ដើមទុន ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធភាព ដល់​គម្រោង​ដែលមាន​សក្តានុពល​ខ្ពស់​៕”



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu