Ad Code

កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​ជប៉ុន​ជា​ផ្លូវការ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន



តូ​ក្យូ​-​ជប៉ុន ​៖ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ជប៉ុន​ជា​ផ្លូវការ​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការបញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ពលករ​កម្ពុជា​ទទួលបាន​ប្រាក់ខែ​ខ្ពស់​និង​ឱកាស​ការ ងារ​កាន់តែច្រើន​ថែមទៀត​។

​អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក សេង សក្តា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ និង​លោកស្រី Shoko SASAKI អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​នៅ​ប្រ​ទេស​ជប៉ុន​ដោយមាន​ការចូលរួម​ពី​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន។

លោក Takashi YAMASHITA បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ជប៉ុន ហើយ​ការចុះ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ពលករ​ជំនាញ​នា​ថ្ងៃនេះ ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់ ពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។



លោក​បណ្ឌិត អ៊ិត សំហេង បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ដែល​បាន​ខិតខំ​សហការគ្នា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នា​ពេល​កន្លង​មក​រហូត​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

លោក​រដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​១​ម៉ឺន​១​ពាន់​នាក់ ក្នុង​នោះ​កម្មសិក្សាការី​មាន​ប្រមាណ​ជិត​៧​ពាន់​នាក់​។

​តាមរយៈ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពលករ​ជំនាញ​កម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចាប់​យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​កម្ពុជា​ផង ក៏ដូចជា​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជាពិសេស​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។

រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ទទួល​ជនភៀសខ្លួន និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បង្កើត​ទិដ្ឋាការ​ការងារ​ថ្មី​ចំនួន​២​ប្រភេទ​គឺ “​ពលករ​ជំនាញ​១” និង “​ពលករ​ជំនាញ​២”​។ ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០១៩​។ ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សាការី​នៅ​អនុវត្ត​ដដែល​។



ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង​២​ប្រភេទ ពី​ប្រទេស​ចំនួន​៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មី​យ៉ាន់​ម៉ា និង​នេ​ប៉ាល់ ចំនួន ៣៤៥,១៥០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​ ក្នុង​នោះ​ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន​១៤​ប្រភេទ រួមមាន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ការ​សំអាត​អគារ ការផលិត​គ្រឿងបន្លាស់ ការផលិត​គ្រឿង​ម៉ាស៊ីន ការផលិត​គ្រឿងអគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ការងារ​សំណង់ ការផលិត​នាវា ការជួសជុល និង​ដំឡើង​រថយន្ត ការងារ​អាកាសចរណ៍ ការរៀបចំ​បន្ទប់​ស្នាក់នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការផលិត​អាហារ​និង​ភេសជ្ជៈ និង​ការងារ​នៅ​ភោជនីយដ្ឋា​ន​។

សូម​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ទី​២ ដែល​បាន​ចុះ​អនុស្សរណៈ​នេះ​ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu