Ad Code

រក​ឃើញ​រថយន្ត​RANGE ROVER ដែល​បុក​និស្សិត​ស្រី​នៅ​ខណ្ឌ​ទួលគោក​ហើយ



ភ្នំពេញ ​៖ ​យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក ឯម ភា​រី​ នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​RANGE ROVER​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF 77 77 ​ដែល​បាន​បើក​បុក​​និស្សិត​ស្រី​ម្នាក់​នៅ​ខណ្ឌ​ទួលគោក​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​២៦ ​ខែមីនា​មក​នោះ ​ឥឡូវ​រកឃើញ​ហើយ។

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា ​រថយន្ត​ខាងលើនេះ​ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​​​ប្រទះឃើញ​នៅតាម​បណ្តោយ​ផ្លូវ​៣៧១ ​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ​ឯក វុទ្ធី ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ខណៈ​ដែលមាន​មនុស្ស​ប្រុង​យក​រថយន្ត​ស្ទូច​មក​ស្ទូច​ដឹក​ចេញ​ពីមុខ​យានដ្ឋាន​ខាងលើ។ ការរកឃើញ​នេះ​គឺ​នៅវេលា​ម៉ោង​០០​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧​ខែមីនា។

លោកនាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ បាន​បន្ត​ថា ​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ខណ្ឌ​ទួលគោក​ កាលពី​រសៀល​ថ្ងៃទី​២៦ ​ខែមីនា​រួចមក​ កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ បាន​ចេញ​ឃ្លាំចាំ​ចាប់​រថយន្ត​បង្ក​ខាងលើ​ឲ្យ​តែ​បាន។ ប៉ុន្តែ​ការ​ឃ្លាំចាំ​ចាប់​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ​គឺ​រហូតដល់​ម៉ោង​០០​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧​ខែមីនា​ ទើប​ប្រទះឃើញ​នៅ​ចំណុច​មុខ​យានដ្ឋាន​ឯក វុទ្ធី​នេះ​តែម្តង។​ភ្លាមៗ​រថយន្ត​ខាងលើ ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

គួរ​រំលឹកថា​ កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រសៀល​ថ្ងៃទី​២៦ ​ខែមីនា​ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 77 77​ បាន​បើកបរ​យ៉ាង​លឿន​ ហើយ​បុក​ម៉ូតូ​គុប​ជ្រុង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កណ្ដាល​1J 52 54​នៅ​ចំណុច​ផ្លូវ​៣១៧​កែង​ផ្លូវ​៥២៨​ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ឌុំ​ រី​ដា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​មាក់ ​ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ បាន​ស្លាប់​ភ្លាមៗ​ ហើយ​រថយន្ត​បង្ក​ដែល​សាក្សី​ថា​បើកបរ​លឿន​នោះ បាន​បើក​គេច​បាត់ស្រមោល​រហូតដល់​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​បញ្ជា​ឲ្យ​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ចាប់​ឲ្យ​បាន​មិន​ឲ្យ​រួច​គេច​បាន​នោះឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu