រតនគិរី ៖ យុវជនម្នាក់ បានរងរបួសចំក្បាលជាទម្ងន់ បន្ទាប់ពីទៅកាប់រំលំដើមឈើនៅក្នុងព្រៃមួយកន្លែងយកមកធ្វើផ្ទះ ភ្លាត់ស្នៀតត្រូវខ្លួនឯង។
ករណីគ្រោះថ្នាក់ដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា បានទទួលព័ត៌មានរាយការណ៍ពីកម្លាំងប្រជាការពារភូមិកែងសាន់តាមប្រព័ន្ធទូរស័ព្ទថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង៤និង០០នាទីល្ងាច នៅចំណុចអូរយក្ខម៉ាយ ស្ថិតនៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ មានករណីកាត់រំលំដើមឈើអារយកទៅធ្វើផ្ទះ ពេលឈើដួលទាក់មែកទៅដើមផ្សេងទៀត ក៏បាក់ធ្លាក់ត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់។
មន្ត្រីនគរបាលប៉ុស្តិ៍បានបន្តថា ជនរងគ្រោះមានឈ្មោះ តាំ ជូក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិ/ ឃុំកើតហេតុខាងលើ។
ក្រោយពីគ្រោះថ្នាក់នោះភ្លាមត្រូវបានសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់៕
Source: Kampuchea Thmey Daily
0 Comments