​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​បាន​អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប​១,៩១៨​នាក់ នារី​៧១៣​នាក់​។​

លោក ពិន ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា គរុ​សិស្ស និស្សិត​ដែល​ទទួល​សញ្ញាប័ត្រ​នៅថ្ងៃនេះ​រួមមាន ​៖​ និស្សិត​អធិការ​អប់រំ​ចំនួន​៤០​នាក់ នារី​៤​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​២៣​នាក់​ នារី​៣​នាក់​, និស្សិត​វិជ្ជា ជីវៈ​នាយក​សាលា​មធ្យម​សិក្សា​ ទុតិយ​ភូមិ​១៨​នាក់ នារី​១​នាក់​,​គ្រូបង្រៀន​កម្រិត​ឧត្ដម​បរិញ្ញា​បូក​១ ចំនួន​៨០៥​នាក់ នារី​៣២៤​នាក់​, គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ពន្លឿន​៩៨៨​នាក់ នារី៣៥០​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ភាសា​បារាំង​-​ខ្មែរ​១២ បូក២ ចំនួន៤៤​នាក់ នារី៣១​នាក់​។​

​សម្រាប់​ការប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស និស្សិត​នៅថ្ងៃនេះ គឺជា​ការប្រគល់​សញ្ញាប័ត្រ​លើក​ទី​២៣ ហើយ​រាល់​ការចែក​សញ្ញាប័ត្រ​នេះ ​តែង​ទទួលបាន​ការ​ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ពី សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ឆ្នាំ១៩៧៩​ ដល់​ឆ្នាំ​១៩៩៣​ វិទ្យាស្ថាន​ជាតិ​អប់រំ បណ្ដុះ បណ្ដាល​គ្រូ និង​មន្ត្រី​អប់រំ​បាន​៣​ម៉ឺន​នាក់ និង​ពី ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៨ បណ្ដុះបណ្ដាល​គ្រូ និង​មន្ត្រី​អប់រំ​បាន​២០,៣៨៥​នាក់ នារី​៦៥១​នាក់​។​

គរុ​សិស្ស និស្សិត ដែល​បញ្ចប់​ការសិក្សា និង​ទទួល​បាន​បរិញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ នឹង​ក្លាយ​ជា​ធនធាន​ថ្មី​បន្ថែម​ទៀត សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ជួយ​បណ្ដុះបណ្ដាល​កូន​ខ្មែរ​ឲ្យ​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​៕


 

Source: Kampuchea Thmey Daily