Ad Code

ក្រសួងពាណិជ្ជកម្ម​ និង​កូកាកូឡា​រួមគ្នា​ សាងសង់​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ ដល់​សិស្ស​វិទ្យាល័យ​ហ៊ុនសែន ព្រៃទទឹង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទឹក​ក្នុង​រដូវក្តៅ​នេះ



ភ្នំពេញ ​៖​ ក្រសួងពាណិជ្ជកម្ម​សហការ​ជាមួយ​កូកាកូឡា​រួមគ្នា​សាងសង់​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ដល់​សិស្ស​វិទ្យាល័យ​ហ៊ុនសែន ព្រៃទទឹង​នៃ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទឹក​ក្នុង​រដូវក្តៅ​នេះ​ ដល់​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រមាណ​ជាង ១៥០០​នាក់។

ការផ្តល់​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ចូលរួម​ប្រារព្ធ​ទិវា​ទឹកស្អាត​ពិភពលោក។

នៅក្នុង​ពិធី​សម្ពោធ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ មានការ​ចូលរួម​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Mark Steele នាយក​ប្រតិបត្តិ​នៃ​អង្គការ Planet Water និង លោក​អ៊ូ​ត ចាន់​ឌី នាយក​ផ្នែក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។

លោក អ៊ូ​ត ចាន់​ឌី នាយក​ផ្នែក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ថា ការប្តេជ្ញាចិត្ត​របស់ កូ​កា កូ​ឡា មិន​បញ្ឈប់​នៅត្រឹមតែ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុង​ពេលនេះ​ទេ ក្រុមហ៊ុន​​ ​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹក​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍ អំពី​ការ​ថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួម​ទាំង​ការថែទាំ​រយៈពេល ៥​ឆ្នាំ​ថែមទៀត។

លោក អ៊ូ​ត ចាន់​ឌី បន្ថែមថា អង្គការ Planet Water នឹង​ត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណត់។

លោក អ៊ូ​ត ចាន់​ឌី បាន​បន្តទៀតថា​ ៖ «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។​

ចំណែក លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា​វត្តមានរ​បស់​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ពិត​ជាមាន​សារៈសំខាន់ និង​ផ្តល់នូវ​គុណប្រយោជន៍ សម្រាប់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃឈរ​ទាំងមូល​។ ជាពិសេស​នៅក្នុង​រដូវក្តៅ​ឆ្នាំនេះ ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង ហើយ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ច្រើន​។​

លោក ប៉ាន សូរ​ស័ក្តិ បាន​មាន​ប្រសាសន៍​បន្តថា ​៖«​ការវិនិយោគ​របស់​ក្រុមហ៊ុន Coca-Cola កំពុង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ដែល​មិន​ត្រឹម​នាំមក​វិបុលភាព​សម្រាប់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចែករំលែក​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់ខ្លួន នៅក្នុង​សកម្មភាព​មនុស្សធម៌​នានា​។ តួយ៉ាង​ដូចជា ការគាំទ្រ​មូលនិធិ​ទឹក “Water Planet Foundation” ក្នុងការ​អនុវត្ត​កម្មវិធី អប់រំ​សុខភាព និង​អនាម័យ​ទឹកស្អាត​ជាដើម ហើយ​ពិសេស​ជាងនេះទៀត ការរីកចម្រើន​របស់​ក្រុមហ៊ុន បាន​ជួយ​បង្កើត​ការងារ​ក្នុងស្រុក ប្រមាណ​ជាង ៩០០​កន្លែង ផងដែរ​»​។​

សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​១ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅក្នុង​ឆ្នាំ​២០១៩​នេះ បន្ថែម​លើ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៥​ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water​។

ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង “Project 24” របស់​មូលនិធិ Planet Water ដែលមាន​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២៤​កន្លែង ក្នុង​រយៈពេល ២៤​ម៉ោង នៅតាម​បណ្ដា​សហគមន៍​នានា ជុំវិញ​ពិភពលោក ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។ ក្រៅពី​ប្រទេស​កម្ពុជា ក៏មាន​ប្រទេស​មួយចំនួនទៀត នឹង​ទទួលបាន​ប៉ម​ចម្រោះ​ទឹកស្អាត ពី​គម្រោង “Project 24” នៅក្នុង​ឆ្នាំ​នេះដែរ រួមមាន ឥណ្ឌូនេស៊ី ឥណ្ឌា និង​ហ្វីលីពីន​។​

ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៦​ទៀត នឹងត្រូវ​ដំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៥ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ទ្វេដង​ក្នុងឆ្នាំនេះ តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៧​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៩​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu