ត្បូងឃ្មុំ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សហការចូលរួមធ្វើជំរឿនឲ្យបានទាំងអស់គ្នា។
ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តឧត្តម្មុនី ហៅវត្តតានី ស្ថិតនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា យុទ្ធនាការធ្វើជំរឿននេះ ចាប់ពីថ្ងៃទី ៣ដល់ ១៣ ខែមីនា ឆ្នាំ២០១៩។ ការជំរឿននេះ គឺជាការចុះស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ សំដៅកាត់បន្ថយភាពក្រីក្រ និងសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។
ទាក់ទងព្រះពុទ្ធសាសនា សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។ វត្តអារាម បានផ្តល់ជាទីតាំងសាលារៀន ជាកន្លែងផ្តល់សេវាសុខាភិបាល មណ្ឌលសង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងជាកន្លែងជួយអប់រំកែប្រែដល់អ្នកញៀនគ្រឿងញៀនជាដើម។
នៅក្នុងពិធីដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទរាប់រយនាក់នោះ សម្ដេចប្រធាន បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាជនខ្មែរភាគច្រើនបានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដោយមើលឃើញនូវតួនាទីដ៏សំខាន់ របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមជាតិ ទើបរដ្ឋសភា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកវិស័យនេះ ឲ្យបានរឹងមាំទូលំទូលាយនៅទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៧៩មក។ រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹង ពង្រីក នូវសាមគ្គីប្រជាជាតិ ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជូនសង្គមជាតិ តែប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពឧទ្ទាមរបស់មជ្ឈដ្ឋានណាក៏ដោយ ទោះជាបុគ្គល ជាក្រុម ឬជាអង្គការនយោបាយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្ដូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
សម្ដេចប្រធានរដ្ឋសភា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments