Ad Code

តុលាការ​ម៉ាឡេស៊ី​ដោះលែង​ស្ត្រី​ម្នាក់​ក្នុង​ករណី​ឃាតកម្ម​លោក Kim Jong Nam



ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​លើ​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គឺ​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​បាន​ទម្លាក់​ការចោទប្រកាន់​ករណី​ឃាតកម្ម​ប្រឆាំងនឹង​នាង​។ នេះ​ជាការ​សម្រេចចិត្ត​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​បន្ទាប់ពី​នាង​ត្រូវបាន​គេ​ជំនុំ​ជម្រះក្តី។

នាង Siti Aisyah បាន​ញញឹម​នៅពេល​នាង​ដើរកាត់​អ្នកកាសែត​ជាច្រើន​នាក់​ហើយ​ចូលទៅក្នុង​រថយន្ត​មួយគ្រឿង​នៅ​ខាងក្រៅ​តុលាការ​ដែលជា​កន្លែង​នាង​ត្រូវបាន​គេ​ជំនុំ​ជម្រះក្តី​រួមជាមួយ​ស្ត្រី​វៀតណាម​ម្នាក់​ពីបទ​សម្លាប់​លោក Kim Jong Nam នៅ​ព្រលានយន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧។

នាង Aisyah បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​។ ខ្ញុំ​មិនដឹងថា​រឿងនេះ​នឹង​កើតឡើង​នោះទេ​។ ខ្ញុំ​មិន​រំពឹងថា វា​នឹង​កើតឡើង​នោះទេ​”​។​

វា​គឺជា​ការភ្ញាក់ផ្អើល​មួយ​នៅពេល​តុលាការ​ជាន់ខ្ពស់ Shah Alam ដែល​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ស្តាប់​តែ​សក្ខីកម្ម​របស់​នាង Huong ប៉ុណ្ណោះ​នៅ​ថ្ងៃ​ចន្ទ​។ មេធាវី​របស់​នាង​បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ការពន្យារពេល​។​

ស្ត្រី​ក្នុង​វ័យ​២០​ឆ្នាំ​ទាំងពីរ​នាក់​តែងតែ​បដិសេធ​ការធ្វើឃាត​ដោយនិយាយ​ថា ពួកគេ​ជឿថា ពួកគេ​បាន​ចូលរួម​ក្នុង​កម្មវិធី​ពញ្ញាក់​អារម្មណ៍​មួយ​ហើយ​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ភ្នាក់ងារ​កូរ៉េខាងជើង​ឲ្យ​អនុវត្ត​ការវាយប្រហារ​យក​ស្ទីល​សង្គ្រាមត្រជាក់​ដោយ​ប្រើប្រាស់​សារធាតុ​គីមី VX ។​

មេធាវី​របស់​ពួកគេ​បានបង្ហាញ​ពួកគេ​ថា​ជា​អ្នក​រង​កំហុស​ពី​គេ​ដោយ​និយាយថា អាជ្ញាធរ​មិនអាច​ចាប់​ឃាតករ​ពិតប្រាកដ​បានទេ​។​

ការកាត់ទោស​ដែល​បានចាប់ផ្តើម​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៧​ត្រូវ​បន្ត​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​ជាមួយនឹង​ដំណាក់កាល​ការពារ​នៃ​កិច្ចដំណើរការ​នីតិវិធី​បន្ទាប់ពី​ការ​សម្រាក​អស់​រយៈពេល​ច្រើន​ខែ​។​

ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​សវនាការ ព្រះរាជអាជ្ញា Muhammad Iskandar Ahmad បានស្នើ​ឲ្យ​ការចោទប្រកាន់​ករណី​ឃាតកម្ម​ប្រឆាំងនឹង​នាង Aisyah ត្រូវ​ដកចេញ​ហើយ​ថា នាង​ត្រូវបាន​ដោះលែង​ដោយ​មិនមាន​ទោស​។​
​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មិនបាន​ប្រាប់​មូលហេតុ​អ្វី​ឡើយ។

ចៅក្រម Azmin Ariffin បាន​ប្រាប់​តុលាការ​នៅពេលដែល​គាត់​យល់ព្រម​សំណើ​ថា “​នាង Siti Aisyah ត្រូវបាន​ដោះលែង​។ ពេលនេះ​នាង​អាច​ចាកចេញ​បាន”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu