ពោធិ៍សាត់ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអះអាងថា សម្តេចគ្មានការចាំបាច់ក្នុងការយកលុយទៅទិញអ្នកនយោបាយឲ្យមកសុំសិទ្ធិធ្វើនយោបាយនោះទេ ព្រោះមនុស្សទាំងអស់នោះមិនមែនជាសត្វធាតុឬជាវត្ថុសម្រាប់លក់ទេ។ សម្តេចមានប្រសាសន៍ថា អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព អ្នកដែលមិនសុំសិទ្ធិ ក៏យើងគោរពចំពោះសេចក្តីសម្រេចរបស់អ្នក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ១០,៦៨៩ នាក់ មកពី រោងចក្រ សហគ្រាសចំនួន ៦ នៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោមានប្រសាសន៍ថា ព្រឹកនេះខ្ញុំឃើញអាណានោះវាបង្ហោះហ្វេសប៊ុកពី montreal ប្រទេសអាមេរិក ថាពួកអ្នកសុំសិទ្ធិនយោបាយត្រូវបានទិញពី ១០ ទៅ ២០ម៉ឺនដុល្លារ ហើយបើអ្នកណាទាក់ទាញមនុស្សបានទៀតនឹងបាន ២ ទៅ ៣ម៉ឺនដុល្លារបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «សុំផ្តាំទៅអ្នកកុំចាត់ទុកអតីតសហការីរបស់អ្នកជាទំនិញលក់ដូរឲ្យសោះ កុំមើលស្រាល អ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិធ្វើនយោបាយ ដើម្បីសេរីភាពរបស់គេ បែរជាក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ។
ហ៊ុន សែន គ្មានការចាំបាច់ដើម្បីទៅទិញនរណាទេ ព្រោះមនុស្សទាំងអស់នោះមិនមែនជាសត្វធាតុឬជាវត្ថុសម្រាប់លក់ទេ។ យើងត្រូវផ្តល់ការគោរពចំពោះសេរីភាពរបស់មនុស្សទាំងអស់ ទោះបីមនុស្សនោះនៅក្នុងគណបក្សនយោបាយណាក៏ដោយ ។ អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយយើងខ្ញុំក៏គោរពអ្នកដែលមិនសុំសិទ្ធិក៏យើងខ្ញុំគោរពចំពោះសេចក្តីសម្រេចរបស់អ្នកហេតុអ្វីក៏អ្នកមើលងាយដល់អ្នកដែលធ្លាប់ធ្វើការជាមួយអ្នកទៅជាទំនិញ លក់ដូរទៅវិញ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា យើងផ្ដល់នូវតម្លៃនៃការគោរពចំពោះអ្នកទាំងអស់ ។ មនុស្សមួយចំនួនបានចេញពីគណបក្សប្រជាជនទៅកាន់គណបក្សថ្មី គណបក្សប្រជាជនមិនដែលទៅជេរគេនោះទេ យើងតែងផ្ដល់សិទ្ធិឲ្យគេ ។ ប៉ុន្តែគួរឲ្យអាសូរណាស់ចាប់ពីឆ្នាំ២០០៨ យើងបានសង្កេតឃើញថា ពេលនោះអតីតតំណាងរាស្ត្រមួយចំនួនចេញពីគណបក្សផ្សេងមកកាន់គណបក្សប្រជាជន គេបានចាត់ទុកថាជាសាច់ស្អុយ សាច់រលូយ ត្រូវកាត់ចេញ ។ ឥឡូវគេនៅតែបន្តចាត់ទុកសហការីរបស់គេជាសាច់ស្អុយ សាច់រលួយ ត្រូវបានគេទិញ ត្រូវបានគេដូរ ។
ដូចនេះ សូមឲ្យអ្នកទាំងអស់គ្នា ជនបរទេសទាំងឡាយវិនិច្ឆ័យឲ្យបានពិតប្រាកដថា តើអ្នកកាន់លទ្ធិប្រជាធិបតេយ្យត្រូវទប់សិទ្ធិឲ្យគេទេ ហើយត្រូវចោទប្រកាន់គេ គេនៅជាមួយខ្លួនតែស្នេហាជាតិ ដល់ចេញពីខ្លួន ថាគេក្បត់ជាតិ ។ ប៉ុន្តែអាអ្នកជេរថាយើងក្បត់ជាតិត្រូវបានយើងប្រើក្បាលវា ខ្ញុំបានប្រើក្បាលវាជួយកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ ពីមុនប្រព័ន្ធ ២ភាគ៣ តែក្រោយមកជាប្រព័ន្ធ ៥០បូក ១... ។ វាជេរយើងថា អាយ៉ង បើយើងអាយ៉ងដូច្នេះ វាជាអាយ៉ងរបស់អាយ៉ង។
សម្តេចថ្លែងទៀតថា “នៅស្រុកខ្មែរ គ្មានអ្នកនយោបាយណាមួយ ដែលមិនសហការជាមួយ ហ៊ុន សែន ទេ តែបើអ្នកឯងនិយាយរបៀបហ្នឹង ខ្ញុំនិយាយថា អ្នកឯងធ្លាប់បម្រើខ្ញុំ ហើយជួយខ្ញុំឲ្យដោះស្រាយបានសភាពការណ៍ ដោយមិនមានការជាប់គាំងណាមួយ ក្រោយការបោះឆ្នោត ខ្ញុំអរគុណអ្នកឯង តែសុំបញ្ជាក់ថា នោះគឺខ្ញុំបានប្រើក្បាលអ្នកឯង ក្នុងពេលដែលអ្នកឯងបានជេរខ្ញុំថា អាយ៉ង”។
សម្រាប់ការសុំសិទ្ធិធ្វើនយោបាយវិញនោះ សម្តេចនៅតែជួយបង្កលក្ខណៈដើម្បីស្នើថ្វាយព្រះមហាក្សត្រ សុំនីតិសម្បទានយោបាយក្នុងនាមជានាយករដ្ឋមន្ត្រី ដែលច្បាប់បានប្រគល់ការងារឲ្យ។ ប៉ុន្តែសម្តេចក៏បានបញ្ជាក់ផងដែរថា បើសិនជាមិនសុំសិទ្ធិធ្វើនយោបាយនោះ ក្រុមប្រឆាំងនឹងបាត់បង់ឱកាស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោបានបន្តថា “ពិតមែនហើយ នៅពេលខាងមុខ ខ្ញុំនឹងពិនិត្យថា នរណាគួរបាន នរណាគួរមិនបានផងដែរ ព្រោះខ្ញុំបាននិយាយហើយថា មកឬមិនមក មិនមែនមុខដូចម៉ែខ្ញុំទេ ប៉ុន្តែគ្រាន់តែដឹងថា ឆ្នាំ២០២២ អ្នកមិនបានចូលរួមបោះឆ្នោតឃុំ ដែលនឹងគ្រោងបោះនៅខែឧសភា ឆ្នាំ២០២២ ឯអ្នកនឹងទទួលបានសិទ្ធិ នៅខែវិច្ឆិកា ឆ្នាំ២០២២ ឯនោះ ដូច្នេះអ្នកនឹងបាត់បង់ឱកាស”។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី និងបក្ខពួកបានវាយប្រហារប្រមាថមើលងាយជាបន្តបន្ទាប់ទៅលើអតីតថ្នាក់ដឹកនាំមួយចំនួនក្នុងចំណោមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បម្រាមនយោបាយ ១១៨ រូប ហើយបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយចាត់ទុកថា ជាការលក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។
គួរបញ្ជាក់ថា ក្រុមអតីតមេដឹកនាំបក្សប្រឆាំងបានបង្ហោះ Facebook ចោទប្រកាន់អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានថវិកាប្រមាណ ១០ ទៅ ២០ម៉ឺនដុល្លារ ហើយបើអ្នកនោះទាក់ទាញមនុស្សទៅសុំសិទ្ធិបានទៀតនឹងទទួលបាន ២ ទៅ៣ម៉ឺនដុល្លារថែមទៀត។
គិតរហូតមកដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះ ជាតិចំនួន ៩ រូបហើយក្នុងចំណោមមនុស្ស១១៨ រូប ដែលជាប់បម្រាមនយោបាយត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទីផ្តល់នីតិសម្បទានយោបាយឡើងវិញជាបន្តបន្ទាប់ក្រោយពេលពួកគេបានដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន៖ ទី១-លោក គង់ គាំ ,ទី២-លោក គង់ បូរ៉ា ,ទី៣- លោក ស៊ីម សុវណ្ណនី ,ទី៤-លោក រៀល ខេមរិន្ទ , ទី៥-លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦-លោកស្រី ទេព សុទ្ធី,ទី៧-លោក កង គឹមហាក់ ,ទី៨-លោក ជីវ កត្តា និងទី៩-លោក ច័ន្ទ សិលា ដែលជាអតីតថ្នាក់ដឹកនាំនៃ អតីតគណបក្សសង្គ្រោះជាតិ៕
Source: Kampuchea Thmey Daily
0 Comments