ពោធិ៍សាត់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា EBA (ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែសព្វាវុធ)មិនអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាអ្នកមាននោះឡើយ គឺមានតែការប្រឹងប្រែងដោយខ្លួនឯងទេទើបធ្វើឲ្យប្រទេសនេះក្លាយជាអ្នកមានបាន។ សម្តេចតេជោបានបន្តថា នៅថ្ងៃ២៩ ខែមីនា ខាងមុខរាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសជាកញ្ចប់អំពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចដោយមិនមែនគ្រាន់តែជាបញ្ហាគេឲ្យ EBA ឬ មិនឲ្យ EBA នោះទេ តែវាជាបញ្ហាអនាគតប្រទេសជាតិរយៈពេលវែង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ នាភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ផលប៉ះពាល់ដែលមកពីខាងក្រៅក្នុងចំណែកណាមួយវាមិនបានសម្លាប់យើងទេ តែបើសិនជាគេឲ្យភាពអនុគ្រោះពន្ធ (EBA) មកយើងៗក៏ទទួល ក៏ប៉ុន្តែត្រូវចងចាំថាភាពអនុគ្រោះពន្ធ (EBA) មិនអាចឲ្យក្លាយជាអ្នកមានបានដែរ ធ្វើអ្នកមានបានទាល់តែយើងប្រឹងខ្លួនឯងឲ្យក្លាយទៅជាអ្នកមាន»។
គួរជម្រាបជូនថា គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្ពុជាមានរយៈពេល៦ខែក្នុងការតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុបដើម្បីរក្សានូវ EBA នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការពឹងពាក់អ្នកដទៃបានធ្វើឲ្យឯករាជ្យភាពរបស់កម្ពុជាមានកម្រិត ពោលគឺធ្វើឲ្យកម្ពុជាមិនហ៊ាននិយាយតវ៉ាអ្វីជាមួយម្ចាស់ជំនួយឡើយ ដោយសារខ្លាចគេកាត់ជំនួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា «យើងពិនិត្យមើលនៅពេលសេដ្ឋកិច្ចគ្រួសាររបស់យើងនៅទទួលការពឹងពាក់ពីអ្នកក្រៅ ភាពឯករាជ្យរបស់យើងមានកម្រិត យើងមិនហ៊ាននិយាយជាមួយអ្នកដែលផ្តល់ជំនួយឲ្យមកយើងទេ ខ្លាចគេកាត់ជំនួយ ប៉ុន្តែនៅពេលដែលយើងមានឯករាជ្យ មានបានហូបគ្រប់គ្រាន់ មិនពឹងពាក់ទៅលើអ្នកដែលធ្លាប់ផ្តល់ឲ្យយើង យើងអាចមានសំឡេងស្មើភាពស្មើសិទ្ធិជាមួយគេ មិនមែនទទួលគេ ប៉ុន្តែមានសំឡេងដែលគ្រួសារនីមួយៗត្រូវការ ហើយប្រទេសនីមួយៗក៏កាន់តែត្រូវការ ក្នុងឋានៈជារដ្ឋឯករាជ្យ អធិបតេយ្យ»។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដឹងថា នៅពេលខាងមុខរាជរដ្ឋាភិបាលនិងពិនិត្យជាកញ្ចប់ បញ្ហាដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចនិយាយជារួម មិនមែនគ្រាន់តែបញ្ហាគេឲ្យអនុគ្រោះ ឬមិនអនុគ្រោះនោះទេ វាជាបញ្ហាអនាគតប្រទេសជាតិរយៈពេលវែង ដែលយើងត្រូវធ្វើកំណែទម្រង់រាប់ទាំងប្រព័ន្ធផ្លូវដែកដែលថ្ងៃទី២៩នេះ ខ្ញុំនឹងចាត់ការលើបញ្ហាផ្លូវដែករបៀបម៉េច ព្រោះឥឡូវ អាទៅមុខក៏វាមិនទៅ អាថយក្រោយក៏វាមិនមក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា សម្ដេចនឹងយកដំណោះស្រាយជាក់លាក់មួយដើម្បីដោះស្រាយបញ្ហានេះព្រោះថា បើសិនជាមានការដឹកជញ្ជូនទាំងតាមផ្លូវគោក និងផ្លូវទឹកកាន់តែច្រើន នឹងធ្វើឲ្យកម្ពុជាចំណេញកាន់តែច្រើនខាងផ្នែកសេដ្ឋកិច្ច។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ដ្រីស្គេនតែកុងតឺន័រណាដែលវាមានការសង្ស័យថាបង្កប់គ្រឿងញៀនឬក៏អ្វីដែលជាសារធាតុសង្ស័យបានហើយ បើសិនជាកុងតឺន័រនោះមិនមានការសង្ស័យទេ មិនចាំបាច់ស្គេននោះទេ ដើម្បីកាត់បន្ថយការកកស្ទះនៅកន្លែងស្គេន។ ជាងនេះទៀតចេញពីក្រៅប្រទេស ប្រទេសណាដែលឲ្យស្គេនចាំយើងស្គេន ប្រទេសណាមិនឲ្យស្គេនមិនចាំបាច់ស្គេននោះទេ វាមិនមែនបានលុយពីស្គេននោះទេ...ចំណេញសេដ្ឋកិច្ច កុំភ័យអារឿងស្គេន យើងរំលាយកាំសាបមួយចោលហើយ យើងខ្លាចអី ។ ការដកកាំកុងត្រូលជាកំណែទម្រង់ ដូច្នេះអ្នកដែលធ្លាប់បង់ប្រាក់ឲ្យកាំកុងត្រូល ទាំងលើតុ និងក្រោមតុ អត់មានត្រូវបង់ទៀតទេ។
សម្ដេចតេជោ បានថ្លែងថា យើងត្រូវមានវិធានការជាក់លាក់ទើបច្បាស់ថា សេដ្ឋកិច្ចខ្មែរទោះបីជាអ្នកណាចង់ឲ្យអី មិនឲ្យអី បើគេឲ្យយើងក៏អរគុណបើគេមិនឲ្យទេក៏យើងអត់ងាប់ ព្រោះ អាគេឲ្យវាអត់មានកើតនោះទេ ទាល់តែយើងប្រឹងដោយខ្លួនឯងបានទៅជាអ្នកមាន។
គួរបញ្ជាក់ជូនដែរថា ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការបកស្រាយរបស់កម្ពុជា ហើយចុងក្រោយសភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាមែននោះ ការព្យួរ EBA នេះ នឹងចូលជាធរមានក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ ។ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA មែននោះ កម្ពុជានឹងត្រូវបាត់បង់ប្រាក់ពីការអនុគ្រោះពន្ធនេះជិត ៧០០លានដុល្លារសម្រាប់ការនាំចេញទំនិញទៅអឺរ៉ុប។ កម្ពុជាបាននាំចេញទំនិញទៅកាន់សហគមន៍អឺរ៉ុបក្នុងរង្វង់ជាង ៦ពាន់លានដុល្លាក្នុង ១ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments