ពោធិ៍សាត់៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឲ្យលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកអគ្គិសនីកម្ពុជាចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះឆ្ពោះទៅកាន់ប្រទេសតួកគីដើម្បីចរចានាំយកនូវនាវាផ្ទុកថាមពលអគ្គិសនីអនុភាព ២០០មេហ្កាវ៉ាត់មកកាន់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏បែបនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ១០,៦៨៩ នាក់មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។
សម្តេចតេជោបានថ្លែងទៀតថា ការនាំយកនាវាផ្ទុកថាមពលអគ្គិសនីពីប្រទេសតួកគីមកកម្ពុជានេះ គឺជាដំណោះស្រាយបន្ទាប់មួយសម្រាប់នាំយកអគ្គិសនីមកផ្គត់ផ្គង់ក្នុងទីក្រុងទម្រាំកម្ពុជាមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀតទើបដកនាវាត្រឡប់ទៅតួកគីវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បញ្ហាអគ្គិសនី យើងក៏កំពុងអំពាវនាវឲ្យបញ្ចេញម៉ាស៊ីនភ្លើងទាំងអស់មកប្រើប្រាស់ព្រោះយើងមានកង្វះ ។ ...ប្រហែលជា លោកកែវ រតនៈ នឹងហោះទៅតួកគីភ្លាមដើម្បីនាំកប៉ាល់មួយដែលផ្ទុកនូវម៉ាស៊ីនភ្លើងប្រមាណ ២០០ មេហ្គាវ៉ាត់ចូលមកទីក្រុងភ្នំពេញ បើសិនជាត្រូវថ្លៃគ្នាចូលមកទីក្រុងភ្នំពេញផ្គត់ផ្គង់ក្នុងរយៈកាលប៉ុន្មានឆ្នាំដើម្បីយើងរង់ចាំថាមពលបន្ថែម»។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ទោះបីកម្ពុជានាំយកនាវាផលិតអគ្គីសនីពីប្រទេសតួកគីក្នុងថ្លៃបន្តិចមែនប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសថា កម្ពុជាប្រឈមនូវកង្វះខាតអគ្គិសនីប្រើប្រាស់ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើមដែលពីមុនប្រើប្រាស់តែជាង ២០មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែមករានិងកុម្ភៈឆ្នាំទៅ។ចំណុចនេះហើយ ដែលកម្ពុជាមានការប្រើប្រាស់អគ្គិសនីកាន់តែច្រើនដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។
សម្តេចតេជោ ហ៊ុន សែន បន្តថា បើទោះបីការទិញរបស់តួកគីថ្លៃតែប្រជាពលរដ្ឋមិនទទួលរងផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។ សម្តេចបានបញ្ជាក់ថា ទាំងផលិតកម្មនិងប្រើប្រាស់របស់ប្រជាពលរដ្ឋមិនត្រូវបានទទួលផលប៉ះពាល់ទេ ។ កប៉ាល់តួកគីគេលក់ឲ្យយើងគឺគម្រោងលក់ថ្លៃ ១៤សេនក្នុ្ងង១គីឡូវ៉ាត់ម៉ោង យើងធម្មតា ១២សេន ប៉ុន្តែបើយើងទិញពីរោងចក្រវារីអគ្គិសនីរបស់យើង ១០សេន អញ្ចឹងគិតជាមធ្យមថា ១១សេនចុះ , តែទោះបី ១៤សេនតែយើងយកមកច្នៃវា យើងសុខចិត្តបំពេញខាតបន្តិចសម្រាប់រដ្ឋ។ ប៉ុន្តែប្រជាពលរដ្ឋមិនត្រូវទទួលការបង់ថ្លៃបន្ថែមទេ សូមក្មួយក្មួយជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកុំកង្វល់អំពីបញ្ហាការឡើងថ្លៃភ្លើង,មានតែចុះយើងបានប្រកាសថ្លៃអគ្គីសនី២០១៩- ២០២០ ហើយក៏ប៉ុន្តែដើម្បីការប្រកួតប្រជែងយើងសិក្សាថ្លៃអគ្គិសនីឆ្នាំ២០២០ ថែមទៀតដើម្បីយើងអាចចុះថ្លៃអគ្គិសនីបានទៀតដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាមានការប្រកួតប្រជែង។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើប ដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ ដែលបង្កការលំបាក។ ដូច្នេះកម្ពុជាត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើប សម្រាប់កម្ពុជានាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments