ពោធិ៍សាត់ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះជនណាដែលមានបំណងធ្វើការប្រមូលកម្លាំងក្រោមរូបភាពគណៈកម្មការចំពោះកិច្ចដែលមេដឹកនាំប្រឆាំងបានបង្កើតពីក្រៅប្រទេសមកឲ្យដើរប្រមូលកម្លាំងនៅតាមភូមិឃុំ។ ដោយសម្តេចបានបញ្ជាថា «ឃើញមួយ វាយមួយទៅ» សម្តេចបានចាត់ទុកថា នេះជាអំពើខុសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ១០,៦៨៩ នាក់ មកពី រោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ។
សម្តេចបានទទួលព័ត៌មានថា អតីតមន្ត្រីគណបក្សប្រឆាំងកំពុងដើររៀបចំកម្លាំងនៅតាមមូលដ្ឋាន ក្រោមតួនាទីជាគណៈកម្មការចំពោះកិច្ច ដែលមេដឹកនាំរបស់ពួកគេបានបង្កើតពីក្រៅប្រទេសមក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាស់តឿនអតីតមន្ត្រីគណបក្សប្រឆាំងទាំងនោះឲ្យបញ្ឈប់សកម្មភាពនេះភ្លាមបើមិនចង់ប្រឈមនឹងវិធានការ។
គួរបញ្ជាក់ថា អតីតគណបក្សប្រឆាំងបានបង្កើតគណកម្មការចំពោះកិច្ចដើម្បីរៀបចំផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ។គណៈកម្មការចំពោះកិច្ចនេះដើរអំពាវនាវអ្នកគាំទ្រនៅក្រៅ ប្រទេសឲ្យចូលរួមអមដំណើរមកជាមួយលោក សម រង្ស៊ី ហើយក៏បានបង្គាប់មកមន្ត្រីរបស់ខ្លួននៅក្នុងប្រទេសឲ្យត្រៀមកម្លាំងចាំទទួលលោក សម រង្ស៊ី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានតាមដាននូវសកម្មភាពក្រុមប្រឆាំងមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះនៅក្នុងប្រទេស។ សម្តេចក៏បានរកឃើញនូវជន ២ ទៅ៣នាក់ ដែលកំពុងធ្វើសកម្មភាពក្រោមរូបភាពគណៈកម្មការចំពោះកិច្ច ។ ដោយសម្តេចបានលើកឡើងឲ្យដឹងថា នៅពោធិ៍សាត់ វាលវែង អាហ្នឹងជើងខ្លាំង ចាំអញរុញព័ត៌មានមួយចំនួនទៅឱ្យ គួបផ្សំអាមួយអ្នកភ្នំពេញ កំពង់ចាម តែអ្នកភ្នំពេញគឺប្រុងរត់ធ្លាក់អន្លង់វែង ប៉ុន្តែ ២ថ្ងៃនេះ មកនៅកៀនស្វាយ វិញហើយ ឮប៉ុណ្ណឹងរត់ទៀតបើមិនស្រួល នេះគឺកម្លាំងស្រួច»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការដាស់តឿនចំពោះអ្នកទាំងអស់នោះថា «កុំណា ! កុំឲ្យសោះអារឿងគណៈកម្មការចំពោះកិច្ច ១ឃុំ ប៉ុន្មាននាក់ៗ វ៉ៃខ្នោះជាប់រហូត ហើយតិចថា ខ្ញុំខ្លាចគេមកពិនិត្យ EBA ម៉េច លោក ហ៊ុន សែន និយាយអញ្ចឹងទេ ! អារឿងខុសច្បាប់ អត់មាន EBA ឬមិន EBA នោះទេ តែខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «រៀបចំកម្លាំងស្អី អ្នកឯងរៀបចំកម្លាំងធ្វើភេរវកម្មឬ? ត្រៀមប្រយុទ្ធឬ? ប្រាប់ឱ្យហើយ ផ្ញើសារឱ្យទូទាំងប្រទេស បញ្ឈប់ទៅសកម្មភាពគណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ នៅវាលវែង ខេត្តណាៗ និយាយឱ្យត្រង់ថា ឃើញមួយវ៉ៃមួយទៅ ចេញបញ្ជាអញ្ចឹងបើអ្នកឯងគ្មានសិទ្ធិធ្វើនយោបាយអ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយប្រជាពលរដ្ឋ »។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីការបន្តអាណត្តិទៅមុខទៀតមិនមែនត្រឹម១០ ឆ្នាំនោះទេ ប្រសិនបើពួកអាចង្រៃដែលមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជានៅតែមាននោះ សម្តេចនឹងបន្តរហូតលែងមានពួកនោះវាងាប់អស់ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវនេះមិនប្រាកដថា ពូចូលនិវត្តន៍នៅឆ្នាំ២០២៨នោះទេ ពូនឹងធ្វើទាល់តែពួកអាងាប់អស់ហ្នឹងវាងាប់អស់ ព្រោះនៅលើពិភពលោកនេះគ្មានរដ្ឋធម្មនុញ្ញកំណត់អំពីតំណែងនាយករដ្ឋមន្ដ្រី ត្រូវធ្វើប៉ុន្មានឆ្នាំឈប់នោះទេ [...] បើពួកអាមេចង្រៃអស់ហ្នឹងមិនទាន់ងាប់អស់ទេ បើនៅតែមានពិសពុល ពូនៅតែបន្ដធ្វើនាយករដ្ឋមន្ដ្រី ព្រោះលទ្ធភាពពូអាចបង្ក្រាបពួកវាបាន»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា មិនទាន់មានគណបក្សនយោបាយណាអាចគ្រប់គ្រងស្ថានការណ៍នៅកម្ពុជាបាននៅឡើយនោះទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងប្រជាពលរដ្ឋបានដឹងគ្រប់គ្នាថា កាលពីអតីតកាលគ្មានអ្នកណាសាហាវព្រៃផ្សៃជាង ប៉ុល ពត នោះទេ ប៉ុន្ដែពួកនោះនៅតែរត់មិនរួចពីកណ្ដាប់ដៃដែករបស់តេជោសែន ពោលសម្ដេចបង្ក្រាបទាល់តែបាន ទប់ស្កាត់ទាល់តែបានជាមួយនយោបាយ ឈ្នះ ឈ្នះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពោរពេញទៅដោយសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវគិតដល់តម្លៃសន្ដិភាពជាមុន បើអ្នកណាមួយចង់បំផ្លាញសន្ដិភាព ទោះដោយតម្លៃណាក៏ដោយប្រជាជនកម្ពុជាត្រូវងើបឈរឡើងដើម្បីប្រឆាំងពួកអាសិរពិសបំផ្លាញសន្ដិភាពរបស់ប្រទេស។
សម្តេចក៏បានបង្ហាញផងដែរអំពីនយោបាយពិសពុលរបស់គណបក្សប្រឆាំង ដែលបានប្រកាន់យកគឺ នយោបាយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ។ អតីតមេដឹកនាំអតីតបក្សប្រឆាំង មិនទាន់គ្រប់គ្រងអំណាចផងបានអំពាវនាវកងទ័ពប្រឆាំងរាជរដ្ឋាភិបាលទៅហើយ ដូច្នេះនយោបាយនេះ ជានយោបាយនាំឲ្យមានចលាចលនៅក្នុងប្រទេស និងការសងសឹក ចងអាឃាតគ្មានទីបញ្ចប់៕
Source: Kampuchea Thmey Daily
0 Comments