ភ្នំពេញ ៖ ការបង្ហាញពីការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី Poala Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំការតំបន់អាស៊ី និងប៉ាស៊ីហ្វិច កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា ការជួបនេះ គឺជាការបន្តកិច្ចសន្ទនារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងការចាប់ផ្តើមនីតិវិធីក្នុងការព្យួរ EBA ដែលគណៈកម្មការអឺរ៉ុប បានសម្រេចកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមកនេះ។ លទ្ធផលជារួម នៃកិច្ចសន្ទនាលើកទី១ បន្ទាប់ពីសេចក្តីសម្រេចនេះ គឺភាគីកម្ពុជា និងសហគមន៍អឺរ៉ុប បានសម្តែងនូវការប្តេជ្ញាដូចគ្នា គឺធ្វើការរួមគ្នា និងបន្តការសន្ទនាប្រកបដោយការស្ថាបនារួមគ្នា ដើម្បីស្វែងយល់ជាមួយគ្នាឲ្យបានកាន់តែប្រសើរ នូវអ្វីដែលជាការខុសគ្នាកន្លងមក ដើម្បីធ្វើយ៉ាងណារក្សាស្ថានភាព EBA នៅដដែល។ មានន័យថា ទាំងកម្ពុជាក៏ចង់រក្សា ខាងតំណាងគណៈប្រតិភូគណៈកម្មការអឺរ៉ុប ក៏ចង់រក្សា EBA នេះដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជូនគណៈប្រតិភូគណៈកម្មការអឺរ៉ុប ពីសារៈសំខាន់របស់ EBA ចំពោះកម្ពុជា។ ជាពិសេសចំពោះកម្មករកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយជូនចំពោះកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរ លើទិដ្ឋភាពពីរផ្សេងគ្នា នៃការសន្ទនារឿង EBA និងការបន្តរក្សានូវទំនាក់ទំនងជាមិត្តភាពដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។
លោក កេត សោផាន់ អះអាងថា ជារួមកិច្ចពិភាក្សានេះ គឺជាការបន្តនូវកិច្ចសន្ទនារឿងនីតិវិធី EBA ហើយភាគីទាំងពីរបានសុទ្ធតែបានប្តេជ្ញាថា នឹងរក្សាស្ថានភាព EBA មិនឲ្យបាត់បង់ទេ។ តាមអ្នកនាំពាក្យដដែល បន្ទាប់ពីនេះទៅ ក៏នឹងមានគណៈប្រតិភូតំណាងសហគមន៍អឺរ៉ុបដែលនឹងមកកម្ពុជាម្តងទៀតដែរ នៅក្នុងក្របខណ្ឌនៃដំណើរការ នៃការត្រួតពិនិត្យ ក៏ដូចជាកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាល អាចនៅក្នុងខែឧសភា ឬខែមិថុនា ខាងមុខ។ សហគមន៍អឺរ៉ុប ក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចសន្ទនានេះ គឺដើម្បីកំណត់ពីពេលនេះ រហូតទៅដល់ដំណើរការនៃនីតិវិធី EBA ទាំងមូលថា តើយើងនឹងអាចយល់ដឹងជាមួយគ្នាបានកាន់តែច្បាស់នៅលើចំណុចណាខ្លះ ជាពិសេសនៅលើចំណុចដែលខាងគណៈកម្មការអឺរ៉ុបបានលើកឡើង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កេត សោផាន់ បានបន្តទៀតថា នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនប្រតិភូគណៈកម្មការអឺរ៉ុប ដូចអ្វីដែលសម្តេចក្រឡាហោម ស ខេង បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងបន្តអនុវត្តនូវវិធានការទាំងឡាយ ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
លោក កេត សោផាន់ បានពន្យល់ដែរថា សហភាពអឺរ៉ុបមានមោទនភាពផងដែរ ពីព្រោះសហភាពអឺរ៉ុប បានជួយកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងមក ដោយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយរបបអនុគ្រោះពន្ធ ឬ EBA នេះ គោលដៅរបស់គេ គឺជួយកាត់បន្ថយរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដូច្នេះកម្មវិធីអនុគ្រោះពន្ធនេះ បានជួយដល់កម្មករយើងជាច្រើន ហើយនៅក្នុងជំនួបនេះ ភាគីអឺរ៉ុបបានបញ្ជាក់ហើយបញ្ជាក់ទៀតថា កិច្ចសន្ទនានេះ មិនមែនជាកិច្ចសន្ទនារបៀបប្រទូសរ៉ាយគ្នា ឬដើម្បីប្រទូសរាយគ្នានោះទេ គឺគ្រាន់តែមកដើម្បីសាកសួរគ្នា ដើម្បីឲ្យយល់ដឹងកាន់តែច្រើន ហើយក៏មិនមែនយកគំនិតរបស់អីយូមកដាក់ឲ្យកម្ពុជាធ្វើតាមនោះទេ បើធ្វើបែបនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយ។ លោកបញ្ជាក់ថា ពេលនេះស្ថិតក្នុងដំណាក់កាលសន្ទនា គឺ៦ខែដំបូង ជាពេលសន្ទនាគ្នា ស្វែងយល់គ្នា ថាតើរាជរដ្ឋាភិបាលឆ្លើយតបអ្វីខ្លះចំពោះកង្វល់របស់សហភាពអឺរ៉ុប ដែលបានលើកឡើង ដូច្នេះ៦ខែនេះ យើមិនអាចធ្វើការវិនិច្ឆ័យទៅលើដំណើរការនេះបានទេ ពីព្រោះនៅមានគណៈប្រតិភូមកជាបន្តបន្ទាប់ទៀត ក្នុងរយៈពេល៦ខែដំបូងនេះ។
សូមបញ្ជាក់ថា គណៈប្រតិភូសហភាពអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នេះ ដឹកនាំដោយលោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អមដំណើរដោយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, លោក Peter Berz អគ្គនាយកស្តីទីប្រចាំតំបន់អាស៊ី និងអាមេរិកឡាទីន, លោកស្រី Stavros Petropoulos មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងសហភាពអឺរ៉ុបជាមួយកម្ពុជា និងថៃ និងលោក Simone Pieri អនុប្រធានបេសកកម្ម៕
Source: Kampuchea Thmey Daily
0 Comments