ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនាឆ្នាំ២០១៩ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាតាជៃ ស្ថិតក្នុងភូមិតាជៃ ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះមានចូលរួមពី លោក លោកស្រីប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយរងរដ្ឋបាលសាលាខេត្ត យុវជន ស.ស.យ.ក.ស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ៧០០នាក់។
លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តស្វាយរៀង រួមបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការអប់រំ និងវិស័យសំខាន់ៗ ដែលខេត្តស្វាយរៀងសម្រេចបាន នាពេលកន្លងទៅ ជាមួយគ្នានេះ។
លោក ម៉ែន វិបុល អភិបាលខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអំពីការសន្សំសំចៃការប្រើប្រាស់ ទឹក ភ្លើង ស្របតាមការណែនាំរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងមកនេះ។ ក្នុងករណីមានការខ្វះខាតទឹកប្រើប្រាស់ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកអាជ្ញាធរដែនដី ឬ រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
លោក បណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលធ្វើឲ្យខេត្តមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីក្រុងរហូតដល់ជនបទ រួមទាំងវិស័យអប់រំ និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ទាំងនេះ គឺដោយសារកត្តា នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានខិតខំស្តា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ក្រោយដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលទៅកាន់ពិធីនេះ លោកបណ្ឌិត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យអគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ដែលអគារមួយខ្នងកំពុងមានសភាពចាស់ទ្រុឌទ្រោម លោកបានផ្តល់ជូននូវអគារសិក្សាថ្មីចំនួនមួយខ្នង៦បន្ទប់ នៅអនុវិទ្យាល័យនេះផងដែរ។
ឯកឧត្តម និងគណៈប្រតិភូអមដំណើរ បានបន្តចុះពិនិត្យមើលផ្លូវក្រាលនៅកៅស៊ូ ដែលស្ថាបនារួចរាល់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិតាជៃ ឆ្ពោះទៅភូមិតាស្អាង និងភូមិឫស្សីព្រៃ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ លោកបណ្ឌិត បានបន្តផ្តល់ជូន នូវផ្លូវក្រាលកៅស៊ូមួយខ្សែបន្ថែមទៀត ប្រវែង៣គីឡូ២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិតាជៃ កាត់តាមភូមិវាល្ងើត ភូមិកំពង់ចំលង ឆ្ពោះមកភូមិឫស្សីព្រៃ តភ្ជាប់ជាមួយផ្លូវកៅស៊ូដែលមានស្រាប់វិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments