Ad Code

មាស​ សុជាតិ ជួប​អ៊ីរ៉ង់​ កា​ហ្វា​រី លើ​សង្វៀន​SEATV​ ​



•​ឡូញ វ៉ាន់ឌី ជួប ថន ភឿ​ត​
មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ កា​ហ្វា​រី (Gafari Goloojeh) នៅក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​(SEATV) នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៤​ ខែ​មីនា ឆ្នាំ​២០១៩​នេះ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់៦៥គីឡូក្រាម។

កា​ហ្វា​រី ពុំមែន​ជា​ជើង​ខ្លាំង​នោះទេ គេ​ទើប​មក​ស្រុក​លើកដំបូង​ប៉ុណ្ណោះ។​ ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះ​គ្នា​ទេ​កន្លងមក។ ដូច្នេះ ការជួប​ប្រកួត​លើក​នេះ មិនដឹងថា នរណា​ជួប​សំណាងល្អ នរណា​ជួប​សំណាង​អាក្រក់​នោះទេ?​។

​មាស សុជាតិ គេ​វាយ​លឿន រហ័ស និង​ខ្លាំង ប៉ុន្តែ​ហាក់ដូចជា​មិនសូវមាន​ផ្លែ​ល្អ​នោះឡើយ។ ប៉ុន្តែ​យ៉ាងណា គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​កាយសម្បទា​រឹងមាំ។ សុជាតិ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​លើក ឈ្នះ​៦៣​លើក ចាញ់​២០​លើក និង​ស្មើ​០២​លើក។​

កា​ហ្វា​រី គេ​ក៏​ល្អ​និង​ខ្លាំង​ដែរ។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ គេ​មាន​ភាពខ្លាំង​ខាង​កណ្ដាប់ដៃ តែ​ជង្គង់ និង កែង គេ​មិនសូវ​ប្រសប់​ប៉ុន្មាន​ទេ។ គេ​វាយ​មួយៗ​ទេ តែ​ច្បាស់​ និង​ចំ​គោលដៅ​ល្អ។ កា​ហ្វា​រី គេ​មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​១៨​លើក ឈ្នះ​១១​លើក ចាញ់​០៧​លើក និង​មិនដែល​ស្មើ។​

​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​លើក​នេះ មិនដឹងថា មាស សុជាតិ អាច​ឈ្នះ កា​ហ្វា​រី បាន​ ឬ​អត់​នោះទេ?។ តែ​យ៉ាងណា កា​ហ្វា​រី ក៏​ប្រហែលជា​មិន​ឈ្នះ មាស សុជាតិ​ នោះដែរ ដោយសារ​គេ​ខ្លាំង​សម្រុក​វាយយកៗ មិន​ដក​ដៃ​ឡើយ។​ ដោយសារ​បែបនេះហើយ ទើប​ក្រុមអ្នកវិភាគ​កីឡា​ប្រដាល់​ក្នុងស្រុក ក៏​គេ​មិន​ហ៊ាន​ថា កា​ហ្វា​រី ឈ្នះ​មាស សុជាតិ នោះដែរ?។

កា​ហ្វា​រី នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក​។ ​បើតាម​ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹងថា អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មាន​ថ្វីដៃ​ល្អ​ និង​វាយ​ខ្លាំង ដោយសារ​គេ​មាន​កាយ​សម្បទា​ខ្លាំង និង​កម្ពស់​ខ្ពស់​ថែមទៀត។ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដោយ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះឡើយ។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​កម្រិត​ទាប តែ​យ៉ាង​ណា​ មាស សុជាតិ មិនអាច​មើលស្រាល​បានឡើយ។

​ដូច្នេះ ចាំមើល​មាស សុជាតិ ជួប​អ្នក​ប្រដាល់​អ៊ីរ៉ង់​កា​ហ្វា​រី​លើក​នេះ តើ​គេ​អាច​យកឈ្នះ​បានដែរ ​ឬ​អត់?។​

​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ ថន ភឿ​ត អ្នក ប្រដាល់​ក្លិប​ឃ្លាំង​មឿង​កីឡា។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​
​ ​
សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ។​ រីឯ នួន ម៉ា​រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​សេក សាវ៉ា​ន់ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប។ ​ពួកគេ​ទាំងពីរ ប្រកួត​គ្នា ​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu