Ad Code

ខេត្ត​រតនគិរី​(​កម្ពុជា​)​ និង​ខេត្ត​អត្ត​ពឺ​(​ឡាវ​) បន្ត​ពង្រឹង​ភាព​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន​ទាំងពីរ​



​រតនគិរី​ ៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ប្រជុំ​ទ្វេភាគី ជា​មួយ​ប្រតិភូ​ខេត្ត​អត្ត​ពឺ របស់​ឡាវ ដឹកនាំ​ដោយ លោក ឡេ​ត សៃ​ញ៉ា​ផន អភិបាលខេត្ត​អត្ត​ពឺ ដើម្បី​ពង្រឹង​ភាព​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តរតនគិរី និង​ខេត្ត​អត្ត​ពឺ ដែលជា​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយគ្នា​។​ កិច្ច​ប្រជុំបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​រតនគិរី​ នា​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។

​ក្នុង​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​បានលើកឡើង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ព័ត៌មាន​ទៅវិញទៅមក​ក្នុងឋានៈ​ខេត្ត​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា សំដៅ​ដោះស្រាយ​បញ្ហា​រួមគ្នា និង​ពង្រឹង​ទំនាក់ទំនង​ នៃ​ខេត្ត​ទាំងពីរ​ កាន់តែ​ប្រសើរ​ឡើង​។​

​ទន្ទឹមគ្នានេះ​ផងដែរ​ ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​បាន​អះអាង​ឡើងវិញ​ក្នុងការ​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ​លើ​គ្រប់​វិស័យ ពិសេស​អនុវត្ត​នូវ​សេចក្ដីថ្លែងការណ៍​រួម​កិច្ចប្រជុំ​កំពូល​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​(CLV) បន្ត​ពង្រឹង ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមត្ថកិច្ច ​នៃ​ខេត្ត​ទាំងពីរ​ក្នុង​ការងារ​ការពារ​បរិស្ថាន​ព្រំដែន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​រតនគិរី និង​ដុង​អាំ​ផាម ខេត្ត​អត្ត​ពឺ បន្ត​សហការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​បង្ក​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​ពាក់ព័ន្ធ​គ្រឿងញៀន ការជួញដូរ​មនុស្ស អាវុធ​ជាតិ​ផ្ទុះ ទំនិញ​ខុសច្បាប់ និង​ការ​លួច​កាប់​ឈើ​លក់​ជាដើម​។

​ជាមួយគ្នានេះ​ ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​ ប្ដេជ្ញា​ឯកភាព​គ្នា​គោរព​បូរណភាព​ទឹកដី ចូលរួម​សហការ​ជួយ​ដល់​គណៈកម្មការ​ចម្រុះ​ក្នុងការ​បោះ​បង្គោល ការត្រួតពិនិត្យ ការ​ថែរក្សា​បង្គោល​ខណ្ឌសីមា ធានា​បាន​នូវ​ព្រំដែន​មួយ​មាន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ ​ព្រមទាំង​បន្ត​លើក​គម្រោង​ស្នើសុំ​រដ្ឋាភិ​បាល​ប្រទេស​ទាំងពីរ​ លើ​ការអនុម័ត​ការសាងសង់​ផ្លូវ​ភ្ជាប់​ខេត្ត​ទាំងពីរ​ ស្របតាម​ស្មារតី​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​CLV ​កាលពីពេល​កន្លងទៅ​ក្នុង​ខេត្តសៀមរាប និង​ការស្នើសុំ​បើក​ច្រកទ្វារ​ខេត្ត​ទាំងពីរ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទំនាក់ទំនង សួរសុខទុក្ខ​បងប្អូន វិស័យ​សុខាភិបាល ពិសេស ​គឺ​ការដោះដូរ​ផ្នែក​សេដ្ឋកិច្ច​ទៅវិញទៅមក​។

​ប្រតិភូ​ខេត្ត​ទាំងពីរ ​ក៏បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​តាំង​ពិព័ណ៌​ពាណិជ្ជកម្ម​ប្ដូរ​វេន​គ្នា ដើម្បី​លើកកម្ពស់​ផលិតផល ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា ​ក្នុង​របប​គំហើញ​ថ្មីៗ​លើ​វិស័យ​ពាណិជ្ជកម្ម ដោយឡែក​ ពាក់ព័ន្ធ​វិស័យ​អប់រំ​បន្ត​ពង្រឹង​សហប្រតិបត្តិការ ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយ​ប្រគល់​តួនាទី​នេះ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា ក្នុង​ការរៀបចំ​និស្សិត​ចំនួន ០៣​រូប ក្នុង​មួយ​ឆ្នាំទៅ​សិក្សា​លើ​មុខ​វិទ្យា​ភាសា​ខ្មែរ​-​ឡាវ​។​

ព្រម​ជាមួយគ្នានេះ ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ប្ដេជ្ញា​បន្ត​សហការ​ផ្តល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ទាន់ពេលវេលា​ ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​រាតត្បាត​លើ​មនុស្ស សត្វ​នៅ​តាម​ព្រំដែន បន្ត​ជំរុញ​អ្នក​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម ថាមពល រ៉ែ អគ្គិសនី ទេសចរណ៍ និង​ផ្លាស់ប្ដូរ​វិស័យ​វប្បធម៌ សិល្បៈ អប់រំ យុវជន និង​កីឡា និង​បាន​ឯកភាព​បន្ត​រៀបចំ​កិច្ចប្រជុំ​ដោយ​ធ្វើ​ម្ចាស់ផ្ទះ​ប្តូរ​វេន​គ្នា​ក្នុង​រយៈពេល ២​ឆ្នាំ​ម្តង​។​

​កិច្ចប្រជុំ​នេះ បានបញ្ចប់​ទៅដោយ​មាន​ការចុះហត្ថលេខា​លើ​កំណត់ហេតុ​រួមមួយ ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​រវាង​ប្រតិភូ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu