បាត់ដំបង ៖ បុរសម្នាក់ ដែលមាននាទីជាគ្រូបង្រៀន ត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះរូបនេះ បានបើកបរម៉ូតូទាំងកណ្តាលយប់ ហើយមិនប្រកាន់ស្តាំរបស់ខ្លួន ទើបបណ្តាលឲ្យមានរឿងបែបនេះឡើង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចក្រុមទី២០ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាង រថយន្តម៉ាកកាមរី ពាក់ស្លាក លេខ កំពង់ស្ពឺ 2A1033 ជាមួយនឹងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1GX 7915 ក្នុងទិសដៅបញ្ច្រាសគ្នា។
បើតាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងដោយសារតែភាគីម៉ូតូបើកបរមិនប្រកាន់ស្តាំ ដោយភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ហុង អង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្ន សព ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ ដោយឡែកមធ្យោបាយទាំង២គ្រឿង ក៏បាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments