កំពង់ធំ ៖ ម៉ូតូ និងម៉ូតូពន្លះគ្នា បណ្តាលឲ្យយុវជនម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ឯយុវជន២នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ លើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចស្ពានក្រឡាញ់ ភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូ បុក ម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់០២នាក់(ប្រុស) និងរបួសធ្ងន់០២នាក់(ប្រុស) ខូចខាតម៉ូតូ០២គ្រឿង ៖ ម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1F.4954 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ធឿន ណាង ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស) មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅមណ្ឌលសុខភាព មានជ័យ ស្រុកសណ្ដាន់)(មិនពាក់មួកសុវត្ថិភាព)។
ម៉ូតូម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់1C.5919 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ កែវ វិសិត ភេទប្រុស អាយុ២៦ឆ្នាំ(មុខរបរកសិករ) មានទីលំនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
អ្នករួមដំណើរជាមួយចំនួន០២នាក់ ១-ឈ្មោះ ហ៊ុយ ខួច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ ២-ឈ្មោះ ម៉ូង បូរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព + វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ។
មូលហេតុជាបឋម បង្កឡើងអ្នកបើកបរម៉ូតូស្លាកលេខកំពង់ធំ1F.4954 ឈ្មោះ ធឿន ណាង បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន។ យុវជនរបួសធ្ងន់២នាក់ បងប្អូនសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ចំណែកសាកសពជនរងគ្រោះ ២នាក់ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments