Ad Code

ចំនួន​អ្នកស្លាប់​ពី​គ្រោះថ្នាក់​រថភ្លើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ កើន​ឡើងដល់​២២​នាក់



មន្ត្រី​សុខាភិបាល​អេ​ហ្ស៊ី​ប​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​និង​អគ្គិភ័យ​នៅ​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​របស់​ទីក្រុង​គែរ​ បាន​កើន​ឡើង​ដល់​២២​នាក់​ ហើយ​និង​បាន​បន្ថែម​ថា មនុស្ស​៦​នាក់​ក្នុងចំណោម​អ្នករងរបួស​គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃ​ពុធ រថភ្លើង​មួយគ្រឿង​បាន​ជួប​គ្រោះថ្នាក់ ធ្លាក់​ផ្លូវ​និង​ឆាបឆេះ​នៅ​ស្ថានីយ​រថភ្លើង Ramses។

ក្រោយ​ពេលនោះ​ភ្លាមៗ ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ស្លាប់​និង​៤០​នាក់​រងរបួស។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​គ្រោះមហន្តរាយ​ចុងក្រោយបង្អស់​ដែល​បាន​វាយប្រហារ​ផ្លូវដែក​របស់​ប្រទេស​អេ​ហ្ស៊ី​ប​មួយ​នេះ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​បាន​លាលែង​ពី​តំណែង។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Hala Zayed បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​២២​នាក់​ហើយ​ចំនួន​អ្នករងរបួស​នៅពេលនេះ​គឺមាន​៤១​នាក់​ខណៈ​៦​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​ទទួលរង​ការ​រលាក​ពី​៩០​ទៅ​១០០​ភាគរយ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។

អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកបើកបរ​រថភ្លើង​។​ រដ្ឋអាជ្ញា​បាន​និយាយ​ថា អ្នកបើក​បរបាន​ចាក​ចេញពី​កាប៊ីន​របស់​គាត់​ដោយ​មិន​បិទ​ម៉ាស៊ីន​ដែល​បណ្ដាល​ឲ្យ​រថភ្លើង​បន្ត​ដំណើរ​ទៅមុខ​ក្នុង​ល្បឿន​ពេញទំហឹង​មុន​ពេល​បុក​កម្ទេច​ចំណត។

គួរ​បញ្ជាក់ថា មាន​ឧបទ្ទវហេតុ​រថភ្លើង​ជាច្រើនលើក​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ហេតុការណ៍​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​គឺ​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០០២​នៅពេល មនុស្ស​ចំនួន​៣៧៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​ឆាបឆេះ​រថភ្លើង​មាន​មនុស្ស​ជិះ​ណែន​តាន់តាប់​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu