រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅថ្ងៃសុក្រ បានប្តេជ្ញាការពារប្រទេសហ្វីលីពីនប្រឆាំងនឹងការវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះដែលនេះ ជាការព្រមានដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការទាមទាររបស់ប្រទេសចិនចំពោះភាគច្រើននៃផ្លូវទឹកដ៏សំខាន់មួយនេះ។
ថ្លែងនៅក្នុងទីក្រុងម៉ានីលក្រោយពីបានជួបប្រជុំជាមួយលោកប្រធានាធិបតីហ្វីលីពី Rodrigo Duterte, លោក Pompeo បាននិយាយថា ការកសាងកោះសិប្បនិម្មិតរបស់ទីក្រុងប៉េកាំងនៅក្នុងដែនទឹកដែលក្រុងម៉ានីលនិងប្រទេសជិតខាងដទៃទៀតក៏ទាមទារផងដែរនោះគឺជាការគំរាមកំហែងដល់សម្ព័ន្ធមិត្តទាំងពីរ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin ថា “សកម្មភាពកសាងកោះនិងយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងគឺបានគំរាមកំហែងដល់អធិបតេយ្យភាព សន្តិសុខនិងជីវភាពសេដ្ឋកិច្ចរបស់អ្នកក៏ដូចជារបស់សហរដ្ឋអាមេរិកផងដែរ”។
លោកបន្តថា “ដោយហេតុថាសមុទ្រចិនខាងត្បូងគឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិកនោះ ការវាយប្រហារប្រដាប់អាវុធណាមួយលើកងកម្លាំងហ្វីលីពីន យន្តហោះឬនាវាសាធារណៈនៅក្នុងសមុទ្រចិនខាងត្បូងគឺនឹងនាំឲ្យមានកាតព្វកិច្ចការពារជាតិទៅវិញទៅមកក្រោមមាត្រាទី៤នៃសន្ធិសញ្ញាការពារជាតិរបស់យើង”។
ការអត្ថាធិប្បាយរបស់លោក Pompe បានកត់សម្គាល់ជាលើកដំបូងដោយសារតែគ្មានមន្ត្រីអាមេរិកណាមួយបានប្រកាសជាសាធារណៈអំពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងសមុទ្រដែលជាចំណុចក្តៅនេះទេ។
សន្ធិសញ្ញាការពារជាតិទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១គឺបានបញ្ជាក់ឲ្យទីក្រុងម៉ានីលនិងអតីតអ្នកដឹកនាំអាណានិគមរបស់ខ្លួនត្រូវជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារប្រដាប់ដោយអាវុធនៅតំបន់ប៉ាស៊ីហ្វិកលើភាគីណាមួយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់លោក Duterte បានអំពាវនាវឲ្យមានការពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិកដោយសារតែពួកគេមិនប្រាកដថាតើវាបានអនុវត្តចំពោះជម្លោះសមុទ្រចិនខាងត្បូងដែរឬអត់៕ AFP
Source: Kampuchea Thmey Daily
0 Comments