ភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវបានរថយន្ដដឹកទឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន K cement បើកបរមកដល់ទន្ទឹមគ្នាចុចស៊ីផ្លេ បណ្ដាលឲ្យជនរងគ្រោះភ្ញាក់ព្រើតរេចង្កូតទៅប៉ះរថយន្ត ដួលខ្ទាតមនុស្សចូលកង់ក្រោយ កិនចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣មុខបន្ទាយកងពលតូច ង ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមាន ឈ្មោះ សុខ សានូ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខអាអឺ០ ផ្លូវលេខ១១៨ ភូមិ ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដា PCX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1GJ 5787។ រថយន្តបង្កជាប្រភេទរថយន្តសណ្ដោងកន្ទុយ ស៊ីទែនដឹកទឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន Kcement ពាក់ស្លាកលេខ ភ្នំពេញ 3A 9421។ អ្នកបើកបររត់គេចខ្លួនបាត់ទុកឲ្យតំណាងក្រុមហ៊ុនចូលខ្លួនដោះស្រាយជំនួស។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង ហើយរថយន្ដបង្ក ក៏បើកបរស្របទិសគ្នាដែរ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ជិតដល់ម៉ូតូជនរងគ្រោះ រថយន្តបានចុចស៊ីផ្លេ ឮខ្លាំងៗ បណ្ដាលឲ្យជនរងគ្រោះភ្ញាក់ខ្លួនព្រើតរេចង្កូតប៉ះជាមួយតួរថយន្ត ហើយដួលខ្ទាតចូលក្រោមកង់ផ្នែកខាងក្រោយ បណ្ដាលឲ្យកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច ។
បន្ទាប់ពីកើតហេតុ តៃកុងរថយន្ដ បានចុះរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ដោយបានវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកសិន រង់ចាំដោះស្រាយគ្នាតាមច្បាប់។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments