Ad Code

រដ្ឋាភិបាល​បារាំង​ជួបប្រទះ​ការលំបាក​លើ​បាតុកម្ម “​អាវកាក់​ពណ៌​លឿង​”



ក្រុម “​អាវកាក់​ពណ៌​លឿង​” របស់​ប្រទេស​បារាំង​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​បើទោះបីជា​អាជ្ញាធរ​បាន​ប្តេជ្ញា​ចាត់វិធានការ “​គ្មាន​ការអត់ឱន​” បន្ទាប់ពី​មាន​កុបកម្ម​ធំៗ​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​សប្តាហ៍​មុន​ក៏ដោយ​។​

ប៉ូលិស​ក្រុងប៉ារីស​បាន​ហាមឃាត់​ក្រុមអ្នកតវ៉ា​ពី​តំបន់​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ដែល​រួមទាំង​មហាវិថី​ល្បីឈ្មោះ Champs-Elysees ដែលជា​កន្លែង​កើតមាន​ការបំផ្លិចបំផ្លាញ​កាលពី​សប្តាហ៍​មុន​ដោយ​ពួក​អនាធិបតេយ្យ​រាប់រយ​នាក់​ក៏ដូចជា​វិមាន​ប្រធានាធិបតី​និង​រដ្ឋសភា​ផងដែរ​។​

ការហាម​ប្រាម​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ប្រកាស​នៅ​កណ្តាល​ទីក្រុង Toulouse, Bordeaux, Dijon, Rennes និង​ទីក្រុង​ភាគខាងត្បូង Nice ដែលជា​កន្លែង​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹងត្រូវ​ជួប​ជាមួយ​សម​ភាគី​បារាំង​លោក Emmanuel Macron នៅ​ចុង​សប្តាហ៍​នេះ​។​

លោក Macron កំពុងស្ថិត​នៅក្រោម​សម្ពាធ​ដើម្បី​បញ្ចៀស​ការកើតឡើង​ជាថ្មី​នៃ​ភាពចលាចល​ដូច​កាលពី​សប្តាហ៍​មុន​លើ​មហាវិថី Champs-Elysees ដែល​នៅ​ទីនោះ​ហាង​ជាង​១០០​ត្រូវបាន​កម្ទេច លួច​ប្លន់​ឬ​ដុតបំផ្លាញ​អំឡុង​កុបកម្ម​រយៈពេល​៧​ម៉ោង​ដោយ​ក្រុមអ្នកតវ៉ា​បិទមុខ​។​

រដ្ឋាភិបាល​បានប្រកាស​ផែនការ​ដាក់ពង្រាយ​ជាថ្មី​នៃ​ទាហាន​មកពី​កងកម្លាំង​ប្រឆាំង​ភេរវកម្ម Sentinelle នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ការពារ​អគារ​សាធារណៈហើយ​អនុញ្ញាត​ឲ្យ​ប៉ូលិស​កម្ចាត់​ក្រុម​រ៉ាឌីកាល់​។​

ការប្រកាស​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​គណបក្សប្រឆាំង​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​កំពុង​លេង​ជាមួយ​ភ្លើង​។​
​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មេដឹកនាំ​ក្រុម​អាវកាក់​ពណ៌​លឿង​បាន​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃ​សៅរ៍​។

រដ្ឋាភិបាល​របស់លោក Macron បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ជុំវិញ​ការដោះស្រាយ​របស់ខ្លួន​លើ​ការតវ៉ា​កាលពី​សប្តាហ៍​មុន​។​

ប៉ូលិស​ត្រូវបាន​គេ​ចោទប្រកាន់ថា​ប្រើ​កម្លាំង​ហួសប្រមាណ​អំឡុង​ការតវ៉ា​បែបនេះ​លើក​មុនៗ​។​
​មេ​ប៉ូលិស​ក្រុងប៉ារីស​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយសារតែ​អំពើ​ហឹ​ង្សា​នេះ​។​
​កាលពី​ថ្ងៃ​សុក្រ ប្រតិបត្តិការ​បោសសម្អាត​បាន​បន្ត​នៅលើ​មហាវិថី Champs-Elysees​។​
គួរ​រម្លឹក​ឡើងវិញ​ថា បាតុកម្ម​បានចាប់ផ្តើម​នៅ​តំបន់​ជនបទ​របស់​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ជុំវិញ​ការបង្កើន​ពន្ធ​លើ​ប្រេងឥន្ធនៈ​ហើយ​វា​បានប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ទៅជា​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu