កីឡាករ Thomas Sam Sochenn ខ្សែបម្រើថ្មីរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលជាកូនខ្មែរ-បារាំង បានសម្រេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញ កាលពីពេលថ្មីៗ ហើយតាំងចិត្តបង្ហាញសមត្ថភាពឲ្យបានល្អនៅលើទីលាន ខណៈរូបគេរំពឹងជាប់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា នៅពេលខាងមុខជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
កីឡាករវ័យ២៥ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍មួយចំនួននៅលីគទីបីនៃប្រទេសបារាំង មុននឹងសម្រេចចិត្តមកភ្នំពេញក្រោន។ ក្លិបភ្នំពេញក្រោន បានស្រង់សម្តីនៅលើវិបសាយផ្លូវការថាខ្លួនមានក្តីស្រម៉ៃមួយគឺចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីលេងក្នុងការប្រកួតអន្តរជាតិនានា។Thomas Sam Sochenn បានថា៖ « ខ្ញុំចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ព្រោះវាគឺជាក្តីស្រម៉ៃមួយក្នុងចំណោមក្តីស្រម៉ៃដទៃទៀតរបស់ខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះគឺត្រូវបង្ហាញទម្រង់លេងឲ្យបានល្អដើម្បីលោកគ្រូបង្វឹក Leonardo សប្បាយចិត្តជាមួយការលេងរបស់ខ្ញុំ»។
នេះជាលើកដំបូងហើយដែលខ្សែបម្រើកណ្តាលរូបនេះ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយរូបគេក៏បានសម្រេចចិត្តចូលរួមជាមួយភ្នំពេញក្រោនតែម្តង ក្លិបជើងឯក៦សម័យកាលមួយនេះនៅតែសង្ឃឹមថាកីឡាករមកពីទ្វីបអឺរ៉ុបខាងលើ នឹងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម ដើម្បីបន្តទៅចាប់ក្តីស្រម៉ៃក្នុងកៅអីក្រុមជម្រើសជាតិរបស់ខ្លួន។ មុនមកកម្ពុជា រូបគេបានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំង ជាមួយក្រុម Olympique Marseille រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១០ ដល់២០១៤ ហើយបានបន្តលេងនៅក្លិប Marignane Gignac F.C ដែលជាសមាជិក លីគទីបីប្រទេសបារាំងរយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦ ដល់២០១៨។
នេះជាការបន្ថែមសមាជិកថ្មីរបស់ក្លិបភ្នំពេញក្រោន ដើម្បីពង្រឹងបច្ចេកទេសក្រុមមុនរដូវកាលឆ្នាំ២០១៩មកដល់ ខណៈកាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសមាជិកទាំង១២ ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោនទាត់បញ្ជូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments