Ad Code

ចេញដំណើរ​មែនទែន​ហើយ​អភិក្រម​ទាំង​៥ ​៖​ អភិបាលរង​ខេត្ត​ព្រះសីហនុ​២​នាក់ ត្រូវ​បាន​បញ្ចប់​តួនាទី ក្រោយ​ប្រព្រឹត្ត​កំហុស​មិន​អាច​អនុគ្រោះ​បាន



ភ្នំពេញ ​៖​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប គឺ​លោក លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ត្រូវបាន​បញ្ចប់​តំណែង​ហើយ តាមរយៈ​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩។

ការសមរេច​បញ្ចប់​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប​ខាងលើនេះ ត្រូវបាន​គេ​មើលឃើញថា ក្រោយពី​មន្ត្រី​ទាំងពី​រូបនេះ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​សាលដីកា លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​យក​ដី​ឲ្យ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ហើយ​ពេលនោះ បាន​យក​កម្លាំង​យោធា​ចូលរួម ហើយ​បង្ក​ជា​អំពើ​ហិង្សា​រវាង​កម្លាំង​ចម្រុះ ជាមួយ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​មាន​របួសធ្ងន់ និង​ស្រាល។

ទាក់ទង​បញ្ហា​នេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​បញ្ជា​ឲ្យ​ធ្វើការ​សិក្សា ដក​មេ​យោធា​ខេត្ត​ព្រះសីហនុ លោក សា​វិ​ន វិបុល និង​អភិបាលរង​ខេត្ត​២​នាក់​ទៀត ហើយ​សម្តេច​តេ​ជោ ក៏បាន​បញ្ជា​យ៉ាង​ដាច់​ណាត់ មិន​អនុញ្ញាត​ឲ្យ​យក​កងទ័ព ដែល​មិនមែន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ទៅ​អនុវត្ត​សាលដីកា​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ហេតុការណ៍ ដែល​ប្រើ​កងទ័ព​ទៅ​បង្ក្រាប​ការរំលោភ​ដីធ្លី ហើយ​សម្តេច​បានស្នើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិនិត្យ​ទៅលើ​ករណី​ប្រធាន​យោធា​ខេត្ត​ព្រះសីហនុ ប្រសិនជា​មានការ​ខុស​ឆ្គង និង​វិន័យ​នោះ ​ស្នើ​ឲ្យ​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់។ ជាមួយនេះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​មានការ​រឹប​អូ​ស​យ​កដី​ទំនាស់​នោះ ​ត្រឡប់មកវិញ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ ដើម្បី​រក្សាទុក​ធ្វើជា​ដី​សម្បទាន​សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី។ សម្តេច​ក៏បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ មិន​ឲ្យ​អាជ្ញាធរ​លូកដៃ​ចូលក្នុង​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច ដោយ​ដាក់ឈ្មោះ ទៅ​ទទួលយក​ដី​សម្បទាន​ទាំងនោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មាន​មាន​អំពើ​ហិង្សា​មួយ​បានកើត​ឡើង ខណៈពេល​អាជ្ញាធរ និង​ព្រះរាជអាជ្ញា​បាន​ចុះ​អនុវត្ត​សាលដីកា លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ការអនុវត្ត​ពេលនោះ ត្រូវបាន​មន្ត្រី​អះអាងថា មាន​កម្លាំងយោធា​ចូលរួម​យ៉ាងច្រើន​ផងដែរ ហើយ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា របស់​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ នាពេលនោះ គឺ​បាន​កើតឡើង ​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដុត​កង់ឡាន គប់​ដុំថ្ម និង​គប់​ដប​សាំង​ទៅលើ​កម្លាំង​សមត្ថកិច្ច ដែល​ឲ្យ​ចុះទៅ​អនុវត្ត​សាលដីកា​​របស់​តុលាការ​កំពូល ក្រោម​ការបញ្ជា​ផ្ទាល់​អភិបាលរង​ខេត្ត គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាល​ដំបូង​ខេត្ត គឺ​លោក ហួត វិច​ត្រ។

ពាក់ព័ន្ធ​នឹង​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​មនុស្ស​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​ភាគី​ទី​៣ ដែល​មិនដឹង​ជា​នរណា និង​នៅទីណា​ពិតប្រាកដ ចំណែក​អភិបាលរង​របស់លោក​វិញ គឺ​លោក ផៃ ប៊ុន​វណ្ណៈ បាន​អះអាងថា គ្រាប់កាំភ្លើង​នេះ​បាន​ធ្លាក់​ពីលើ​មេឃ ហើយ​មក​ត្រូវ​មនុស្ស។ ប្រតិបត្តិការ​រឹបអូស​ដី​រដ្ឋ​ពី​រាស្ត្រ យកទៅ​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ នេះ អ្នកតាមដាន​បាន​សង្កេតឃើញថា គឺ​លោក សៀង សុខ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ចេញមុខ​ដឹកនាំ​កម្លាំងចម្រុះ។

ករណី​តវ៉ា​បិទផ្លូវ និង​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​នេះ បានកើត​ឡើង​ម្តង​រួចមកហើយ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ដែល​ពេលនោះ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​មន្ត្រី​សុរិយោដី​មកពី​ក្រសួង​រៀបចំ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត រួមមាន​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខេត្ត​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ព្យាយាម​វាស់វែង​ដី ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទៅ​លោកស្រី​ឧកញ៉ា ហុង សួន និង​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ដោយ​សំអាងថា ដី​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នេះ គឺជា​ដី​ស្ថិតនៅក្នុង​ប្លង់​កម្មសិទ្ធិឯកជន​។ នាពេលនោះ ផ្ទះសម្បែង​រាប់រយ​ខ្នង សង់​ពី​ឈើ និង​សង់​ពី​បេតុង រួមទាំង​របង​ព្រំដី​ធ្វើ​ពី​ឈើ និង​បេតុង រាប់សិប​កន្លែង ត្រូវបាន​អា​ជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រើ​គ្រឿង​កាយ​រុញ​បំផ្លាញចោល​រាប​ដល់​ដី ខណៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ស្រែក​ទ្រហោយំ​ទ្រហឹងអឺងកង រីឯ​អ្នក​ខ្លះទៀត​រត់ចោល​ភូមិដ្ឋាន ដោយសារ​ខ្លាច​អា​ជ្ញាធរ​ខេត្ត​ចាប់​ដាក់គុក។ ប្រជាពលរដ្ឋ​រងគ្រោះ នៅ​តំបន់​ពយ​ម៉ា​ចូ​វ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ថា ពួកគាត់​កំពុង​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ គឺ​មិនមែន​រស់នៅ​លើដី​កម្មសិទ្ធិ​បុគ្គល​ណា​ម្នាក់​ឡើយ ដូច្នេះ​ប្រសិនបើ​រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​បណ្តេញ​ពួកគាត់​ដោយ​ហិង្សា​ម្តងទៀត ដើម្បី​យក​ដី​ប្រគល់​ទៅ​ឲ្យ​លោកស្រី​ឧកញ៉ា ហុង សួន ភរិយា​របស់លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ពួកគាត់​មិន​ព្រម​ចេញ​ឡើយ ព្រោះ​គាត់​មិនមែនជា​គូវិវាទ​នៅក្នុង​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ ដោយ​បន្ត​បោះតង់​ស្នាក់នៅ​ជា​បន្តទៀត ស្របពេល​ដី​មាន​ទំហំ​ធំៗ​នៅក្បែរ​នេះ សុទ្ធសឹង​ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​មាន​លុយ និង​ដី​ខ្លះ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​មានអំណាច អាច​បន្តកាន់កាប់​បាន ចំណែក​ពួកគាត់ គឺជា​ជនរងគ្រោះ។

ករណី​នៅ​ខេត្ត​ព្រះសីហនុ​នេះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់ ត្រូវបាន​បញ្ឈប់​ពី​ការងារ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ កងរាជអាវុធហត្ថ​ជាតិ ក្រោយពី​គណៈកម្មការ​ចំពោះ​កិច្ច​រកឃើញថា បាន​ប្រើ​អំពើហិង្សា​ខុស​វិន័យ​ធ្ងន់ធ្ងរ ដោយ​ធាក់​ទ្រូង​បុរស​ម្នាក់ ជា​អ្នក​តវ៉ា​ជំទាស់​នឹង​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​ផ្តល់​ដី​ទំហំ​ជាង​៧០​ហិកតា ស្ថិតនៅ​ចំណុច​ពយ​ម៉ា​ចូ​វ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឲ្យ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ខណៈ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​កំពុងតែ​រស់នៅ និង​អាស្រ័យ​ផល នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស៕





 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu