ប្រទេសប៉ាគីស្ថាននឹងដោះលែងអ្នកបើកយន្តហោះឥណ្ឌាម្នាក់នៅក្នុង “កាយវិការសន្តិភាព” ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងជាមួយគូប្រជែងនុយក្លេអ៊ែររបស់ខ្លួនបន្ទាប់ពីការវាយឆ្មក់ពីអាកាសដ៏កម្របានបង្កឲ្យមានការភ័យខ្លាចចំពោះជម្លោះដ៏គ្រោះថ្នាក់នៅអាស៊ីខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi បាននិយាយថា មេបញ្ជាការ Abhinandan Varthaman ដែលបានក្លាយជាមុខសញ្ញានៃវិបត្តិរវាងទីក្រុងឥស្លាម៉ាបាដនិងញូវដែលីគឺនឹងត្រូវប្រគល់ទៅឲ្យមន្ត្រីឥណ្ឌានៅច្រកព្រំដែន Wagah នៅរសៀលថ្ងៃសុក្រ។
នៅទីក្រុងញូវដែលី, ការប្រកាសអំពីការដោះលែងរបស់គាត់ត្រូវបានគេមើលឃើញថាជាជ័យជម្នះការទូតខណៈមេដឹកនាំឥណ្ឌាបានស្វាគមន៍ចំពោះការវិលត្រលប់របស់អ្នកបើកយន្តហោះរូបនេះប៉ុន្តែបានប្រកាសថា ពួកគេនឹងនៅតែមានការប្រុងប្រយ័ត្នផ្នែកយោធា។
យន្តហោះរបស់លោក Abhinandan ត្រូវបានបាញ់ទម្លាក់នៅលើតំបន់កាស្មៀរកាលពីថ្ងៃពុធបន្ទាប់ពីការប្រយុទ្ធគ្នាមួយនៅលើមេឃជុំវិញតំបន់ហិមាល័យដែលមានជម្លោះមួយនេះដែលបានធ្វើឲ្យភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះហើយមហាអំណាចពិភពលោកបានអំពាវនាវឲ្យមានភាពអត់ធ្មត់។
លោក Qureshi បានប្រាប់សម័យប្រជុំរួមមួយកាលពីថ្ងៃសុក្រថា “ដូចដែលលោកនាយករដ្ឋមន្ត្រីបាននិយាយ, ក្នុងនាមជាកាយវិការសន្តិភាពនិងដើម្បីលុបបំបាត់បញ្ហា អ្នកបើកយន្តហោះឥណ្ឌានឹងត្រូវបានដោះលែង។ ដូច្នេះថ្ងៃនេះ នៅរសៀលនេះ គាត់នឹងត្រូវដោះលែងនៅច្រកព្រំដែន Wagah”។
ច្រកព្រំដែន Wagah គឺល្បីល្បាញដោយសារតែការរៀបចំពិធីប្រចាំថ្ងៃដោយទាហានឥណ្ឌានិងប៉ាគីស្ថាននៅពេលល្ងាច។ អ្នកកាសែត AFP ម្នាក់បាននិយាយថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅលើទឹកដីឥណ្ឌាកាលពីព្រឹកថ្ងៃសុក្រដើម្បីស្វាគមន៍អ្នកបើកយន្តហោះ។
គួរបញ្ជាក់ជាថ្មីថា ការប៉ះទង្គិចគ្នាចុងក្រោយបំផុតនេះរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅតំបន់កាស្មៀរខាងឥណ្ឌាបានសម្លាប់ទាហានឥណ្ឌាចំនួន៤០នាក់កាលពីថ្ងៃទី១៤ខែកុម្ភៈនៅក្នុងការវាយប្រហារមួយដែលអះអាងដោយក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន៕ AFP
Source: Kampuchea Thmey Daily
0 Comments