កំពង់ឆ្នាំង ៖ យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបន្តទៅមន្ទីរពេទ្យទីក្រុងភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកម៉ូតូជនរងគ្រោះខាងលើ ដែល ជិះគ្នា២នាក់ ក្នុងដំណើរច្រាសទិសគ្នា។
គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង 9 និង 30 នាទីយប់ ថ្ងៃទី3 ខែមីនា ឆ្នាំ 2019 នៅលើបណ្ដោយផ្លូវលេខ1 ចំណុចរង្វង់មូលទូក ស្ថិតនៅក្នុងភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នៅនឹងកន្លែងមាន ឈ្មោះប្រាក់ ណារា អាយុ 20 ឆ្នាំ រស់នៅភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកឯជនរងគ្រោះដែលបានស្លាប់ ខណៈដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញមាន ឈ្មោះ លន់ សុភា អាយុ19ឆ្នាំរស់នៅភូមិទី3 សង្កាត់ខ្សាម។
មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី 0 15 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B 0360 បើកបរដោយ ឈ្មោះ ប្រាក់ ណារា និង ឈ្មោះ លុន សុភា ជាអ្នកជិះមកក្រោយ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងដំណើរច្រាសទិសគ្នា បានបុកជនរងគ្រោះយ៉ាងពេញទំហឹងតែម្ដង មូលហេតុមកពីរថយន្តបើកលឿនមិនប្រុងប្រយ័ត្ន ក្រោយពេលកើតហេតុ រថយន្តបង្កបានគេចខ្លួនបាត់។
ជនរងគ្រោះ ឈ្មោះ ប្រាក់ ណារា បានស្លាប់នៅនឹងកន្លែង ចំណែក ឈ្មោះ លន់ សុភា បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ជាអកុសល ឈ្មោះ លុន សុភា ក៏បានស្លាប់នៅតាមផ្លូវ ហើយបានដឹកត្រឡប់យកមកលំនៅដ្ឋានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន។
ដោយឡែក ក្នុងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានយកម៉ូតូរងគ្រោះមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវរករថយន្តបង្កដោះស្រាយតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments