បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធពីបទជួញដូរថ្នាំញៀន រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ ខណៈដែលពួកគេបាននិងកំពុង ធ្វើសកម្មភាពជាក់ស្ដែង នៅក្នុងមូលដ្ឋាន។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង១៥នាទីយប់ នៅចំណុចក្រុមទី៦ ភូមិកន្សៃបន្ទាយ ឃុំមោងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការដែលប្រើប្រាស់ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍មោងបានចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់០១ករណី ព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ គឺ ១.ឈ្មោះ យុង សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង(ម្ចាស់ថ្នាំ)។ ២.ឈ្មោះ មាស សុភណ្ឌ័ ហៅស្នា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកអាំ ឃុំរបស់មង្គល(ប្រើប្រាស់) និង ៣.ឈ្មោះ មាស សុវណ្ណារិន ហៅរាជ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកអាំ ឃុំរបស់មង្គល (ប្រើប្រាស់)។
រីឯវត្ថុតាងដែលកម្លាំងដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ១ថង់ មាន ទម្ងន់១៤.២៣ក្រាម ទូរស័ព្ទ០២គ្រឿង ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ០២គ្រឿង(ម៉ាកឃ្លិច២០១៩ ស្លាកលេខ ប1AF4528, ម៉ាកឃ្លិច២០១៧ ស្លាកលេខ ប1X2884)។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ៕
Source: Kampuchea Thmey Daily
0 Comments