ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារថា ប្រទេសជប៉ុន នឹងដកបញ្ជាជម្លៀសជាលើកដំបូងនៅទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជនទាំងពីរ ដែលជាកន្លែងនៃរោងចក្រនុយក្លេអ៊ែរ Fukushima។
មន្ត្រីនៃគណៈរដ្ឋមន្ត្រីឈ្មោះ Yohei Ogino បានប្រាប់ AFP ថា រដ្ឋាភិបាលគ្រោងនឹងដកការបញ្ជានៅផ្នែកមួយនៃទីប្រជុំជន Okuma នៅថ្ងៃទី១០ខែមេសា។
វានឹងក្លាយជាលើកទីមួយហើយដែលរដ្ឋាភិបាលបានលុបចោលបញ្ជាជម្លៀសនៅទីប្រជុំជនទាំងពីរគឺ Okuma និង Futaba ដែលជាកន្លែងរបស់រោងចក្រ Fukushima Daiichi។
កាលពីខែមីនាឆ្នាំ២០១១ រលកយក្សស៊ូណាមិដែលបណ្តាលមកពីការរញ្ជួយដីមួយបានវាយប្រហារប្រទេសជប៉ុនដោយបានសម្លាប់មនុស្សជាង១៨,០០០នាក់និងបង្កើតជាឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅក្នុងជំនាន់មួយ។
រដ្ឋាភិបាលជប៉ុនបានលុបចោលការបញ្ជាជម្លៀសនៅទូទាំងតំបន់ជាច្រើនដែលរងផលប៉ះពាល់ដោយការសាយភាយជាតិវិទ្យុសកម្មដែលជាហេតុអនុញ្ញាតឲ្យពលរដ្ឋវិលត្រលប់ទៅវិញខណៈរដ្ឋាភិបាលក្រុងតូក្យូបានដាក់កម្មវិធីលុបបំបាត់ការសាយភាយវិទ្យុសកម្មនិងសម្អាតតំបន់ដែលរងផលប៉ះពាល់។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់ទេ ដោយការស្ទង់មតិមួយបានដែលធ្វើឡើងកាលពីខែកុម្ភៈដោយកាសែត Asahi Shimbun និង KFB បានរកឃើញថា ៦០ភាគរយនៃអ្នករស់នៅក្នុងតំបន់ Fukushima នៅតែមានអារម្មណ៍ខ្វល់ខ្វាយអំពីជាតិវិទ្យុសកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ត្រូវបានគេកត់ត្រាជាផ្លូវការថាបានស្លាប់ដោយសារការសាយភាយជាតិវិទ្យុសកម្មពីគ្រោះថ្នាក់នោះទេប៉ុន្តែកាលពីឆ្នាំមុនរដ្ឋាភិបាលបានទទួលស្គាល់ជាលើកដំបូងនូវការស្លាប់ដោយសារជំងឺមហារីករបស់បុរសម្នាក់ដែលពាក់ព័ន្ធនឹងការបោសសម្អាត។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា មនុស្សច្រើនជាង៣,៧០០នាក់ដែលភាគច្រើនមកពី Fukushima បានស្លាប់ដោយសារជំងឺឬការធ្វើអត្តឃាតដែលទាក់ទងទៅនឹងផលវិបាកក្រោយសោកនាដកម្មនោះ៕AFP
Source: Kampuchea Thmey Daily
0 Comments