រដ្ឋធានីម៉ូស្គូ ៖ ដំណើរទស្សនកិច្ចនៃគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានស្វាគមន៍ដោយឧត្តមសេនីយ៍ឯកវ្លាឌឺមៀរ ហ្សារ៉ូដីនស្គី (Vladimir Zarudnitsky) នាយកសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ីនៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ នៅរដ្ឋធានីមូស្គូ។
ភាគីទាំងពីរ បានពិភាក្សាគ្នា ដើម្បីបង្កើតទំនាក់ទំនងរវាងសាលាបណ្ឌិតសភាយោធារុស្ស៉ី និងកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពកងទ័ពកម្ពុជា។ នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី និងកងទ័ពសហព័ន្ធរុស្ស៉ី ដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
ភាគីរុស្ស៊ីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ ភាគីរុស្ស៊ី នឹងបន្តគាំទ្រដល់ដំណើរការបណ្តុះបណ្តាលយោធិននៃកង យោធពលខេមរភូមិន្ទ។ បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា បានទស្សនាសារមន្ទីរប្រវត្តិសាស្ត្រសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ី៕
Source: Kampuchea Thmey Daily
0 Comments