Ad Code

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កោតសរសើរ​កងរាជអាវុធហត្ថ​រាជធានី​ដែល​អនុវត្តន៍​តាម​តួនាទី​បម្រើ​ពលរដ្ឋ​បានល្អ



ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​នូវ​ការ​កោតសរសើ​ចំពោះ​កិច្ចប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​លើ​កិច្ចការពារ​រក្សា​សន្តិសុខ​ទទួល​នូវ​ភាពកក់ក្តៅ។ សម្តេច​ពិជ័យ​សេនា​ថ្លែង​នូវ​ការ​សរសើរ​លើកទឹកចិត្ត​ដល់​កម្លាំង​អាវុធហត្ថ​បែបនេះ​កាលពី​ម្សិល​មិញ​ដើមខែ​មីនា ឆ្នាំ​២០១៩ ខណៈ​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១​ពាន់​នាក់ ប្រកបដោយ​ភាព​អធិកអធម​បំផុត​។



ក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អញ្ជើញ​ទស្សនា សមិទ្ធផល​របស់ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង បាន​ទស្សនា ការ​សម្តែង​យុទ្ធវិធី​ផ្សេងៗ យ៉ាង​ជក់ចិត្ត​។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​រាយការណ៍​ជូន​គណៈអធិបតី ស្តី​ពី​លទ្ធផល​ការងារ​របស់​អាវុធហត្ថ​រាជធានី ភ្នំពេញ សម្រេច​បាន​កន្លងមក​ជាច្រើន ដែល​មាន​ខ្លឹមសារ​ជារួម គឺ​ផ្តោត​សំខាន់​លើ​ការ​តស៊ូ​ប្រឹងប្រែង​ជំនះ​ឧបសគ្គ អនុវត្ត ភារកិច្ច​ចម្បង​ចំនួន​០៤​ក្នុង​ពេល​តំណាលគ្នា នោះ​គឺ​៖ ១-​ការ​រួមចំណែក​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម និង​ស្ថេរភាព​នយោបាយ​, ២-​ការគ្រប់គ្រង និង កសាង​អង្គភាព​, ៣-​ការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស និង ៤-​ការ​ជួយ​សង្គ្រោះ​បម្រើ​ពលរដ្ឋ​និង​សង្គម​។



សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​រាល់​ស្នាដៃ​ដែល​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សម្រេច​បាន និង មាន​មតិ សំណេះសំណាល​ផ្តាំផ្ញើ​ដល់​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត នូវ​អនុសាសន៍ ១០​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន កងទ័ពជើងគោក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លងមក។



សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​ការ​កោតសរសើរ​បំផុត ចំពោះ​អាវុធហត្ថ​ភ្នំពេញ ដែល​បាន​បំពេញ​យ៉ាង​ពេញលេញ​រួចជាស្រេច​ទៅហើយ ធ្វើ​ឲ្យ​សម្តេច​ពិបាក​នឹង​រៀបរាប់​ថា នឹង​ត្រូវ ផ្តាំផ្ញើ​ឲ្យ​ធ្វើ​អ្វី​បន្ត​ទៅ​ទៀត ហើយ​អាច​និយាយបាន​ថា ​ជា​គំរូ​មួយ​ដែរ ដល់​បណ្តា​កងឯកភាព​ទាំងឡាយ​។ សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​បន្ថែម​ថា កន្លងមក​សម្តេច​បាន​រួមចំណែក ស្វះ​ស្វែងរក​គ្រឿង​បំពាក់ ធ្វើ​យ៉ាង​ណា ជំនួយ​ដល់​កម្លាំង​ទាំងអស់គ្នា​ពេល​ចេញ​ប្រតិបត្តិការ ធានា​បាន​សុវត្ថិភាព ហើយ​បង្ក្រាប​បទល្មើស​កាន់តែ​មាន ប្រសិទ្ធភាព​ផងដែរ តែ​យ៉ាងណាក៏ដោយ សម្តេច​មិនអាច មិន​កោតសរសើរ​បាន​ទេ អ្វី​ដែល​បាន​មក​ហើយ ហាក់ដូចជា​មិនទាន់​សមស្រប​ទាំងស្រុង តែ​អាវុធហត្ថ​ភ្នំពេញ បាន​នាំ​យក​មក​កែច្នៃ​បន្ថែម ស្របតាម​ស្ថានភាព ជាក់ស្តែង ស្របតាម​បទពិសោធន៍ ដែល​ធ្លាប់​ប្រតិបត្តិការ​ហើយ​ជួបប្រទះ ព្រមទាំង​មានការ​ធានា​ទាំង​ជីវភាព ធានា​ការចេញ​ប្រតិបត្តិការ និង មានការ​ធានា​ទុកដាក់​សម្ភារ អាវុធ​យុទ្ធ​ភ័​ណ្ឌ បាន​យ៉ាង​ល្អ។



​ជាថ្មី​ម្តងទៀត សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ នាយទាហាន នាយទាហានរង របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ប្រឹងប្រែង ធ្វើ​ពលី​កម្ម ប្រកបដោយ​វីរភាព អង់អាច​ក្លាហាន ក្នុង​ការ​បំពេញភារកិច្ច ថែរក្សា​សុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់​បាន​ល្អ​ប្រសើរ ជូន​ប្រជាជន និង សង្គមជាតិ​យើង និង សូម​អរគុណ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ឥស្សរជន ក្រសួង​ស្ថាប័ន រាជរដ្ឋាភិបាល និង សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា​ជួយឧបត្ថម្ភ​គាំទ្រ លើ​គ្រប់​វិស័យ ដើម្បី​ភាព​រីកចម្រើន កងរាជអាវុធហត្ថ នៃ​កងយោធពល​ខេភូមិន្ទ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង ស្ថាប័ន វិស័យ​ឯកជន សប្បុរសជន​ទាំងអស់ ដែល​បាន​គាំទ្រ​ឧបត្ថម្ភ សព្វបែបយ៉ាង ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាំង​ពីមុន រហូតមកដល់​បច្ចុប្បន្ន ដែលជា​ការ​បង្ហាញ ពី​ការ​ពង្រឹង​ពង្រីក ចំណងមិត្តភាព​និង​កិច្ចសហការ ក្នុង​ការ​ជំរុញ​លើក​កំពស់​សមត្ថភាព​និង​ប្រសិទ្ធភាព ការងារ​របស់​កងរាជអាវុធហត្ថ​ក្នុង​បុព្វហេតុ ការពារ​សុខ​សន្តិភាព សន្តិសុខ ស្ថិរភាព និង វឌ្ឍនភាព​សង្គម​ពិសេស​ជា​អ្នកបំរើ​រាស្ត្រ​ដោយស្មោះ​ត្រង់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu