ភ្នំពេញ ៖ នៅទីបំផុតក្រុមប្រឹក្សាជំនុំជម្រះតុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ថោង សារ៉ាត់ និង បក្សពួក ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើឃាតកម្ម លើឧកញ៉ា អ៊ឹង ម៉េងជឺ។
សេចក្ដីសម្រេចនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ ថោង សារ៉ាត់ តែចាត់ទុកជាចំពោះមុខ បើកផ្លូវ ប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ក្រោយស្ដាប់សេចក្ដីសម្រេចរបស់តុលាការហើយ ទាំងជនត្រូវចោទដែលនាំមកស្ដាប់សាលក្រម រួមទាំងសាច់ញាតិ បានយំននៀលពេញបន្ទប់សវនាការស្រែកថា អយុត្តិធម៌។
គួររំលឹកថា ក្នុងសំណុំឃាតកម្មលើ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កន្លងទៅ តុលាការបានចោទប្រកាន់ ៖ ទី១.ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន៩៩៩ ជាប់ចោទពីបទផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន។ ទី២.ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣.ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទ ពីបទឃាតកម្មគិតទុកជាមុន។ ទី៤.ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៥.ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦.ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទ ពីបទសមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំពោះការសួរដេញដោល តុលាការ នឹងបន្ត នៅព្រឹកថ្ងៃទី១៦មករានេះ។
សូមរំលឹកថា ជនរងគ្រោះមាន ឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងត៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាជាង៧ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក។
ក្នុងសវនាការចំនួន២២លើកកន្លងទៅ ក្រុមជនជាប់ចោទ បានបដិសេធថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែ ពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។
គួររំឭកដែរថា ជនជាប់ចោទ ឈ្មោះ ថោង សារ៉ាត់ និង ឈ្មោះ ថោង ចំរើន (ជាឪពុក) និង ឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ចំពោះសំណុំរឿងឃាតកម្ម បើកក្នុងករណីតុលាការរកឃើញថា លោក ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យសម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការនោះ ក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments