កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានច្រានចោលការទទួលស្គាល់របស់លោកប្រធានាធិបតីអាមេរិក Donald Trump លើតំបន់ Golan Heights របស់ប្រទេសស៊ីរីថាជាទឹកដីរបស់អ៊ីស្រាអែលដោយថ្កោលទោសវាថាជាការរំលោភលើច្បាប់អន្តរជាតិ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អារ៉ាប៊ីសាអ៊ូឌីតបានធ្វើខុសគោលនយោបាយជាច្រើនទសវត្សរ៍របស់អាមេរិកកាលពីថ្ងៃចន្ទដោយចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើដែនដីយុទ្ធសាស្ត្រដែលខ្លួនរឹបអូសយកពីប្រទេសស៊ីរីក្នុងសង្គ្រាមរយៈពេលប្រាំមួយថ្ងៃនៃឆ្នាំ១៩៦៧ហើយក្រោយមកបានកាត់បញ្ចូលជាឧបសម្ព័ន្ធនៅក្នុងទង្វើមួយដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយភ្នាក់ងារព័ត៌មានផ្លូវការ SPA បាននិយាយថា "អារ៉ាប៊ីសាអ៊ូឌីតបានជំទាស់យ៉ាងខ្លាំងនិងថ្កោលទោសចំពោះការប្រកាសរបស់រដ្ឋបាលអាមេរិកដែលថា ខ្លួនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ Golan Heights របស់ស៊ីរី" ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា Golan Heights នៅតែជាដែនដីរបស់ស៊ីរីហើយការទទួលស្គាល់ថាជារបស់អ៊ីស្រាអែលគឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចអន្ដរជាតិ។
សេចក្តីថ្លែងការណ៍នេះបន្តថា វានឹងមានផលប៉ះពាល់អវិជ្ជមានលើដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានិងសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងរដ្ឋអំណាចជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកបានចាត់ទុកតំបន់ Golan ថាជាទឹកដីដែលបានកាន់កាប់ហើយការប្រគល់ឱ្យភាគីណាមួយចាំបាច់ត្រូវមានការចរចាដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយរវាងអ៊ីស្រាអែលនិងស៊ីរី។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីតមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីការសម្ពោធចូលកាន់តំណែងរបស់លោក Trump ក្នុងឆ្នាំ ២០១៧៕AFP
Source: Kampuchea Thmey Daily
0 Comments