ប្រដាល់ ៖ ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៤គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ជាការប្រកួតលើកទី៥ ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ជុំទី២បន្តទៀតនោះ។
សម្រាប់ការប្រកួតជម្រុះលើកទី៥នេះ ថាំង ឌីណា អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យ នឹងជួបប្រកួតជាមួយ ឡុង ខេត្ត អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ។
ការជួបគ្នារវាង ថាំង ឌីណា និង ឡុង ខេត្ត នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ថាំង ឌីណា ទំនងជាមិនឈ្នះ ឡុង ខេត្ត នោះឡើយ។ ព្រោះ ឡុង ខេត្ត គេមានផ្លែល្អជាង។ ហើយមួយទៀត ឡុង ខេត្ត វាយបុកខ្លាំង និងមានតិចនិកប្រកួតល្អជាង ថាំង ឌីណា។ ចាំមើល តើ ឡុង ខេត្ត អាចយកឈ្នះ ថាំង ឌីណា បានដែរឬអត់?។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង សយ សី អ្នកប្រដាល់ក្លិបវិបុលដារិទ្ធមានរិទ្ធ និង សូត្រ វាសនា អ្នកប្រដាល់ក្លិបបក្សីស្លាបដែក។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ដោយសារពួកគេទាំងពីរ មានកម្រិតទីតាំងសមត្ថភាពខុសគ្នា គឺ សយ សី ជាអ្នកប្រដាល់ស្រករមុន ឯ សូត្រ វាសនា ជាអ្នកប្រដាល់ស្រករក្រោយ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា សយ សី អាចយកឈ្នះសូត្រ វាសនា បាន ឬអត់នោះទេ? ព្រោះថា សូត្រ វាសនា គេមានស្នៀតប្រដាល់ល្អ និងមានកម្លាំងកាយសម្បទាខ្លាំង ហើយណាមួយលើកនេះ ជាការប្រកួតដែលមិនអាចធ្វេសប្រហែសបាន គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថា នរណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ?។
សូមបញ្ជាក់ថា ការប្រកួតក្នុងជុំទី១នេះ គឺប្រកួតតែបីទឹកទេ ដោយក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់៥៤គីឡូក្រាម មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ជុំ និងមានរូបមន្តប្រកួត គឺជុំទី១-ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។
មកដល់ពេលនេះ គឺមានអ្នកប្រដាល់ចំនួន៨រូបហើយ ដែលបានកក់កៅអីសម្រាប់ជុំទី២ គឺម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ,ចាន់ សាន់ ក្លិបតាព្រហ្មមានជ័យ , ឡុង ណងសៅ ក្លិបសាលវ័ន្តកីឡា, គួន សុវណ្ណ ក្លិបយុវវាលស្បូវកីឡា , អេ ហនុមាន ក្លិបអេភូថងកីឡា , ផាន់ សុផាត ក្លិបពុទ្ធសេរីវង្សកីឡា,គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរ និង ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១។
ជាមួយនេះ ក៏មានអ្នកប្រដាល់៨រូបដែរ ដែលបានជ្រុះធ្លាក់ពីព្រឹត្តិការណ៍នេះ រួមមាន ប៊ុន គន្ធា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,រិទ្ធ ប្រាក់ប៊ិន ក្លិបកងពលតូចលេខ៧០ , ប្រាក់ ស៊ីណាត ក្លិបតាឯកដំបងដែកមានរិទ្ធ ,សួ ចាន់រាជ ក្លិបតាព្រហ្មមានជ័យ,រិន ដេវីត ក្លិបនាគរាជមានជ័យ , សំរាំង ភក្តី ក្លិបព្រៃទទឹងខេត្តបាត់ដំបង ,អេលីត ប៊ុនសិទ្ធ ក្លិបឆ្មាសសែនសុខគុនខ្មែរ និង សំណាង សុខនឿន ក្លិបកងចក្ររាជសីហ៍មានរិទ្ធ៕
Source: Kampuchea Thmey Daily
0 Comments