ភ្នំពេញ ៖ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មការសាងសង់ បានដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានគណៈកម្មការសាងសង់ និងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះ ទី១, អង្គរជុំបានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានខ្នាត 4F លើផ្ទៃដី២៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបាន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងខេត្តតាកែវ។
ទី២, ប្រគល់ភារកិច្ចជូនលោក ម៉ៅ ហាវណ្ណាល់ ដើម្បីរៀបចំកិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធប និងសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុន Cambodia Airport Investment និងសិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។
ទី៣, ប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ ចុះកំណត់និយាមការ ទីតាំងគម្រោងសាងសង់ បោះបង្គោលព្រំកំណត់តំបន់លំនៅឋាន និងកំពស់អាគារ រៀបចំប្លង់លំអិត នគរូបនីយកម្ម និងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ។
ទី៤, អនុវត្តឲ្យមានការឯកភាពនូវប្រព័ន្ធនិយាមការ Datum WGS 84 ក្នុងការវាស់វែងគូសទីតាំងក្បាលដី ក្នុងផែនទីតែមួយ។
ទី៥, រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមការងារ និងក្រុមហ៊ុនក្នុងការអនុវត្តតួនាទី និងភារកិច្ច គាំទ្រដល់គម្រោងសាងសង់ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
ទី៦, ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល និងខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ កំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលមានដីនៅក្នុងតំបន់ទីតាំងគម្រោង ឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្ដែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ហើយជំហានបន្ទាប់តាមការចាំបាច់ផ្អាកជាបណ្ដោះអាសន្នការធ្វើចរន្តការដីក្នុងទីតាំងដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង។
ទី៧, ស្នើឲ្យស្ថាប័នពាក់ព័ន្ធគិតគូរជាមុន អំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលមានដូចជា ការបង្កប់បំពង់ហ្គាស បណ្ដាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ ឲ្យបានត្រឹមត្រូវជាមុន បង្ហូរចូលលូសាធារណៈ អង់តែនទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងៗ ជៀសវាងរៀបចំតាមក្រោយ ដែលបង្កឲ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេសប្រព័ន្ធការពារ និងរំដោះទឹកជំនន់។
ទី៨, ស្នើឲ្យក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្ដោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ហើយជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋាន ដែលមានកាយសម្បទា និងលក្ខណៈសម្បត្តិតាមចំនួនសមរម្យ មកបម្រើការងារចាំបាច់ ក្នុងការអនុវត្តគម្រោង ហើយជំហានបន្ទាប់អាចជ្រើសរើសបុគ្គលិកបន្ថែមតាមតម្រូវការជាក់ស្តែង។
ទី៩, លើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុក ទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញ ឲ្យអស់លទ្ធភាពក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សា និងវាយតម្លៃពីទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានសមាសភាពចម្រុះចំនួន២៣រូប ហើយគណៈកម្មការនេះ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាអនុប្រធាន។ ទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ស្ថិតនៅម្តុំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានគេដឹងថា គឺស្ថិតនៅក្នុងគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនលើផ្ទៃដីទំហំប្រមាណ២.៦០០ហិកតា ហើយគម្រោងនេះ ត្រូវបានប្រកាសឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកាន់កម្ពុជាកាលពីខែមករា ឆ្នាំ២០១៨។ ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា “ Cambodia Airport Investmen” ក្នុងទំហំទឹកប្រាក់១.៥០០លានដុល្លារ។
ទាក់ទងគម្រោងនេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទំហំប្រហាក់ប្រហែល នឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់ សម្រាប់ឲ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញ ឬចុះចតបាន។ លោកបញ្ជាក់ថា ការហោះហើរចន្លោះ១៥ទៅ ១៦ម៉ោងចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ទោះទៅទិសខាងកើតក៏ដោយ ខាងលិចក៏ដោយ គឺស្មើពាក់កណ្តាលផែនដី ហើយនៅពេលអាកាស យានដ្ឋាននេះកើតឡើង វានឹងអាចឲ្យអ្នកដំណើរមកដល់កម្ពុជា ដោយផ្ទាល់ដោយមិនបាច់ចុះចតនៅប្រទេសណា មួយមុនមកដល់កម្ពុជា ដែលជាការខាតពេលវេលានោះទេ។
តាមលោក ជា អូន ក្រោយគម្រោងនេះសាងសង់រួច កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានការងារធ្វើច្រើននៅពេលយើងមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកដោយផ្តើមចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះ៕
Source: Kampuchea Thmey Daily
0 Comments