Ad Code

គណៈប្រតិភូ​សហភាព​អឺរ៉ុប​៖ មក​កម្ពុជា​នៅ​ពេល​នេះ មិនមែន​មក​ដក EBA នោះទេ ប៉ុន្តែ​មក​ធ្វើការ​រួមគ្នា ដើម្បី​ស្វែងរក​ចំណុចរួម និង​ស្វែងរក​ដំណោះស្រាយ



ភ្នំពេញ ​៖ ប្រធាន​បេសកកម្ម​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប លោកស្រី Paola Pampaloni បាន​អះអាងថា គណៈប្រតិភូ​របស់​សហ​ភាព​អឺរ៉ុប​មក​កម្ពុជា​នៅពេលនេះ មិនមែន​មក​ដក EBA ពី​កម្ពុជា​នោះទេ ប៉ុន្តែ​ដើម្បី​ធ្វើការ​ជាមួយគ្នា បើក​កិច្ច​សន្ទនា​ជាមួយគ្នា ស្វែងរក​ចំណុចរួម ដើម្បី​ស្វែងរក​ដំណោះស្រាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ភាគី​ទាំងពីរ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​រួម ហើយ​សហគមន៍​អឺរ៉ុប ចង់​បង្កើន​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ជាមួយ​ប្រទេស​កម្ពុជា និង​បន្ត​នូវ​អ្វីដែល​អី​យូរ​បាន​ចូល​កន្លងមក​នៅ​កម្ពុជា​។

ប្រធាន​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប​លើកឡើង​បែបនេះ ខណៈ​ចូលជួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​។

លោក ផាត សុ​ផានិត ប្រធាន​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​រង​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ​គណៈប្រតិភូ​សហភាព​អឺរ៉ុប បានលើកឡើង​ពី​សារសំខាន់​ចំនួន​ពីរ គឺ​ទី​១, បញ្ហា​លំហ​នយោបាយ​នៅ​កម្ពុជា និង​ទី​២, ការចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ ក្នុង​ក្របខណ្ឌ​សង្គម​ប្រជាធិបតេយ្យ ហើយ​បញ្ហា​នេះ លោកស្រី Paola Pampaloni ដែល​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅពេលនេះ មិនមាន​អ្វី​ប្លែក​នោះទេ គឺធ្វើឡើង​ទៅតាម​កាលបរិច្ឆេទ និង​កម្មវិធី​ដែល​បានដាក់​ចេញ​របស់​សហ​ភាព​អឺរ៉ុប ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ EU នាពេល​កន្លងមក ហើយ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្កើត​នូវ​ការសន្ទនា​រវាង​ភាគី​ទាំងពីរ ដោយ​ត្រង់​ទៅ​ត្រង់​មក លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។

ជាការ​ឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប ហើយ​សម្តេច​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន គឺ​ទាក់ទង​លំហ​នយោបាយ​នៅ​កម្ពុជា ការចូលរួម​របស់ NGO ក៏ដូចជា​សង្គម​ស៊ីវិល នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ន៏​របស់​ប្រទេស​កម្ពុជា​។ ចំណុច​នេះ​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា កម្ពុជា​តែង​ចាត់ទុក NGO និង​សង្គម​ស៊ីវិល គឺជា​ដៃគូ​អភិវឌ្ឍ ហើយ​តែងតែ​ខិតខំ​លើកកម្ពស់ នូវ​ភាពជា​ដៃគូ​រវាង​ភាគី​ទាំងពីរ គឺ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ហើយ​បាន​បង្កើត​ឡើងជា​វេទិកា​ពិភាក្សា ហើយ​ជាក់ស្ដែង​បានរៀបចំ​ចំនួន​២​លើក​រួចមកហើយ ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​ក្រសួងការបរទេស​។

ចំណែក​ការបង្កើត​ច្បាប់សង្គម​ស៊ីវិល ដែល​បានចេញ​ជា​រូបរាង​ហើយ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា បាន​ឆ្លងកាត់​នូវ​វេទិកា​ពិគ្រោះ​យោបល់​រវាង​ដៃគូ​ពិគ្រោះ​យោបល់ ជាមួយ​មិត្ត​ភ័ក្ត្រ​បរទេស​មួយចំនួន មុននឹង​សម្រេចបាន​ច្បាប់​មួយ​នេះ​។ សម្តេច​បាន​បន្តថា រាជរដ្ឋាភិបាល​តែង​ចាត់ទុក​សង្គម​ស៊ីវិល​ជា​ដៃគូ បើ​ទោះ​បី​ជា​មានពេលខ្លះ​យើង​មាន​ទស្សនៈ​ផ្ទុយគ្នា​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​ផ្ទុយគ្នា​នេះ មិនបាន​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ក្លាយជា​សត្រូវ​នឹង​គ្នា​នោះទេ​។ ចំណុច​នេះ លោកស្រី​ប្រធាន​ប្រតិភូ​សភា​អឺរ៉ុប​បាន​ឯកភាព ដោយសារតែ​បាន​មើលឃើញ​នូវ​វឌ្ឍនភាព​នាពេល​កន្លងមក​ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​របស់ NGO ក៏ដូចជា​សង្គម​ស៊ីវិល តាមរយៈ​ការបង្កើត​នូវ​យន្តការ​ថ្មីៗ ដូចដែល​សម្តេច​បានលើកឡើង​។

ចំពោះ​បញ្ហា​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ក្នុងសង្គម​ប្រជាធិបតេយ្យ លោកស្រី Paola Pampaloni ដែលជា​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​មិន​គាំទ្រ​ទៅលើ​បុគ្គល​ណាមួយ ឬ​គណបក្ស​នយោបាយ​ណាមួយ​នោះទេ តែ​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់បាន គឺ​សហភាព​អឺរ៉ុប​គាំទ្រ​នូវ​គោលការណ៍​រួម ដើម្បី​ឲ្យ​មាន​គ្រប់​សមាសធាតុ​នៅក្នុង​សង្គម បាន​ចូលរួមចំណែក​ទាំងអស់​គ្នា​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ ពាក់ព័ន្ធ​ចំណុច​នេះ​សម្ដេច​ក្រឡាហោម​បាន​បញ្ជាក់ថា ទោះបី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ភាពល្អ​ឥតខ្ចោះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​គោលការណ៍​គ្រឹះ​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ចាក់​ឫស យ៉ាងរឹងមាំ​រួចទៅហើយ​។ ជាមួយគ្នានេះ កម្ពុជា​មិនអាច​បោះបង់​ផ្លូវ​ប្រជាធិបតេយ្យ​នេះ​បានទេ ហើយ​អ្វីដែល​សំខាន់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ គឺ​បានចែង​យ៉ាងច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​រួច​ទៅ​ហើយ​។ សម្ដេច​បាន​បញ្ជាក់​ដែរ​ថា ពីរ​ចំណុច​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​មិនអាច​ប៉ះពាល់​បាន​នោះ គឺ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​គោលការណ៍​ទាំងពីរ​នេះ គ្មាន​នរណា​អាច​ប៉ះពាល់​បានទេ​។



ពាក់ព័ន្ធ​ទៅនឹង​ការលើកកម្ពស់​ការ​ចូល​រួម​ពី​គ្រប់​សមាសធាតុ​នៅក្នុង​ការអភិវឌ្ឍ​សង្គម សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​អនុវត្ត​នូវ​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ ដែល​ចំណុច​នេះ គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ផងដែរ ដែល​រាជរដ្ឋាភិបាល​បាន​បែងចែក​អំណាច ទៅដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើជា​ម្ចាស់​អំណាច​ផ្ទាល់​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។

តាម​លោក ផាត សុ​ផានិត ចំណុច​មួយទៀត ដែល​លោកស្រី​ប្រធាន​គណៈប្រតិភូ​បញ្ជាក់​ហើយ​បញ្ជា​ក់ទៀត​នោះ គឺ​គណៈប្រតិភូ​របស់​សហភាព​អឺរ៉ុប​មក​នៅ​កម្ពុជា​នៅពេលនេះ មិនមែន​មក​ដក EBA ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​មក​ធ្វើការ​ជាមួយគ្នា មក​បើក​កិច្ចសន្ទនា​ជាមួយគ្នា ស្វែងរក​ចំណុចរួម ដើម្បី​ស្វែងរក​ដំណោះស្រាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងពីរ​។ លោកស្រី​បាន​បញ្ជាក់ដែរ​ថា សហគមន៍​អឺរ៉ុប​ចង់​បង្កើន​ភាពជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ជាមួយ​ប្រទេស​កម្ពុជា និង​បន្ត​នូវ​អ្វីដែល​អី​យូរ​បាន​ចូល​កន្លងមក​នៅ​កម្ពុជា​។

ចំណុច​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា អ្វីៗ​ទាំងអស់​រាជរដ្ឋាភិបាល​កំពុងតែ​ខិតខំ​អនុវត្តតាម​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ដែល​បានចេញ​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ដែល​ក្នុងនោះ​មាននិយាយ​ទាំងអស់ តាំងពី​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល គណបក្សនយោបាយ បញ្ហា​សិទ្ធិ​ការងារ បញ្ហា​ដី​ធ្លី ដែល​នេះ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​អនុវត្តន៍ ហើយ​នេះ​ក៏​ជាគោលការណ៍​រួម ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ និង​បន្ត​ធ្វើការ​ជា​ដំណាក់កាលៗ​ជា​បន្តបន្ទាប់​។ សម្ដេច​បាន​បញ្ជាក់ដែរ​ថា កម្ពុជា​ត្រូវការ​មិត្ត​មកពី​គ្រប់ទិសទី មិន​ថា​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចិន ឬ​ប្រទេស​ណាមួយ​នោះទេ នៅក្នុង​តំបន់​អាស៊ាន គឺ​យើង​ត្រូវការ​មិត្ត​ទាំងអស់ ហើយ​សម្ដេច​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​នាពេលនេះ នឹង​អាច​ស្វែងរក​ដំណោះស្រាយ​រួមមួយ និង​សម្រេចបាន​នូវ​គោលបំណង​រួមមួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​របស់​សហភាព​អឺរ៉ុប​។

សូម​បញ្ជាក់​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង នេះ ដឹកនាំ​ដោយ​លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក អមដំណើ​ដោយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​, លោក Peter Berz អគ្គនាយក​ស្តីទី​ប្រចាំ​តំបន់​អាស៊ី និង​អាមេរិក​ឡាទីន​, លោកស្រី Stavros Petropoulos មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ទំនាក់ទំនង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា និង​ថៃ និង​លោក Simone Pieri អនុប្រធាន​បេសកកម្ម​។



ដំណោះ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ ស្ថិតក្នុង​ក្របខណ្ឌ នៃ​ការ​ត្រួត​ពិនិត្យមើល​ឡើងវិញ អំពី​ការអនុវត្ត​នូវ​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅនឹង​ការ​បំពេញ​ឲ្យ​លក្ខខណ្ឌ EBA ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​ក្រសួងមហាផ្ទៃ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី​ធ្លាប់បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ យើង​នៅតែ​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​ល្អ ហើយ EBA នេះ គង់តែ​នឹង​បាត់​ដោយ​ស្វ័យប្រវត្ត នៅពេល​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេស​មួយ ដែលមាន​ចំណូល​ខ្ពស់ តែ​ជំហរ​របស់​កម្ពុជា គឺ​មិន​ដោះដូរ មិន​លក់​អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិតក្នុង​តំលៃ​ណាក៏ដោយ​។



ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អរគុណ​ចំពោះ​របប​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ហើយ​ក្នុងនោះ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ងារ​ធ្វើ​ច្រើន​ផងដែរ​។ បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មានតម្លៃ​អ្វី ប្រសិនបើ​កម្ពុជា​បាត់បង់​ឯករាជ្យភាព របស់​ប្រទេស ។ ពីព្រោះ​លក្ខខណ្ឌ​ផ្សារភ្ជាប់​ជាមួយ EBA នេះ មាន​លក្ខខណ្ឌ​ការងារ ហើយ​ក៏មាន​លក្ខខណ្ឌ​អធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ផងដែរ ដូច្នេះ​មានន័យថា ការ​ចាត់ការ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់ខ្លួន សហភាព​អឺរ៉ុប​មិន​ទទួលយក​។ មានន័យថា សហភាព​អឺរ៉ុប​មិន​ទទួលយក​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។



លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “​បើ​យើង​មិនអាច​អនុវត្ត​ច្បាប់​ស្រុក​យើង​បាន តើ​យើង​ធ្វើ​អ្វី​ទៀត ហើយ​ច្បាប់​មួយចំនួន​របស់​កម្ពុជា សហភាព​អឺរ៉ុប​អ្នក​ជួយ​ឲ្យ​យោបល់ និង​តាក់តែង​ថែមទៀត។ ការអនុវត្ត​ច្បាប់ ការការពារ​អធិបតេយ្យភាព ការ​ការពារ​សន្តិភាព ពង្រឹង​ការឯកភាព​ជាតិ ក្នុងឋានៈ​ជា​រដ្ឋាភិបាល ដែល​ទទួលខុសត្រូវ​មួយ ហើយ​បើ​ធ្វើ​អ្វី​តាម​គេ​ប្រាប់​រហូត​នោះ គឺ​បាត់បង់​អធិបតេយ្យភាព ហើយ​វា​មាន​អធិបតេយ្យភាព​មកពីណា វា​ទៅជា​ខ្ញុំគេ​ហើយ​។ ឆ្នាំ​១៩៧០ គឺជា​មេរៀន​សម្រាប់​កម្ពុជា​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu