Ad Code

ស្ថាប័ន​អប់រំ IDP កម្ពុជា ​រៀបចំ​កម្មវិធី​ពិព័រណ៍​ការសិក្សា​ និង​អាហារូបករណ៍​ នៅ​អូស្ត្រាលី​



ភ្នំពេញ ​៖​ ស្ថាប័ន​អប់រំ IDP កម្ពុជា​ បានរៀបចំ​កម្មវិធី​ពិព័រណ៍​ការសិក្សា​ និង​អាហារូបករណ៍ ​នៅ​អូស្ត្រាលី ​កាលពី​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ដឹ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ​ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ផ្ទាល់ ​និង​បង្ហាញ​នូវ​ជម្រើស​សិក្សា​នានា ​នៅ​ប្រទេស​អូស្ត្រាលី​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា​។​
​ ​
កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា ​និង​អាហារូបករណ៍​នៅ​អូស្ត្រាលី គឺជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន​៣៩ និង​មាន​សិស្ស និស្សិត និង​អាណាព្យាបាល​ច្រើនជាង​៨០០​នាក់​ បាន​មក​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថ្នាក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវឲ្យ​​បង់ប្រាក់​ទេ​។ ​
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស នូវែលហ្សេឡង់ កាណាដា អាមេរិក និង​អៀរឡង់​ជាមួយនឹង​ការិយាល័យ​ជាង​១០០ នៅ​ច្រើនជាង​៣២​ប្រទេស ​ជុំវិញ​ពិភពលោក​។

លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា «​ជាច្រើន​ទសវត្ស​មកហើយ ដែល​ប្រទេស​អូស្ត្រាលី ជា​ទិសដៅ​សិក្សា​មួយ​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា សម្រាប់​ឲ្យ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី​ផ្តល់​ឲ្យ​សិស្ស និស្សិត​នៅ​ការអប់រំ​ប្រកបដោយ​ស្តង់ដារ​ពិភពលោក​គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​។​»

លោក Luke Arnold ​ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ​នៅក្នុង​កម្មវិធី​បើក​ដំណើរការ ​នៃ​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អូស្ត្រាលី​បាន​មានប្រសាសន៍ថា «​ខ្ញុំបាទ​មាន​កិត្តិយស​សូម​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់​ស្ថាប័ន IDP ក្នុង​ការរៀបចំ​កម្មវិធី​បែបនេះ​ឡើង​។​

កម្មវិធី​បែបនេះ នៅតែ​បន្ត​ជា​ឱកាសល្អ​ប្រសើរ​សម្រាប់​សិស្ស និស្សិត​កម្ពុជា និង​អាណាព្យាបាល ក្នុង​ការ​ជួប​ជាមួយនឹង​តំណាង​ស្ថាប័ន​ជាច្រើន​។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អ្នកតំណាង​ស្ថាប័ន​អប់រំ​ដែល​មាន​វត្តមាន​នៅទីនេះ ពីព្រោះ​កម្មវិធី​នេះ​នឹង​មិនអាច​ប្រព្រឹត្តទៅបាន ប្រសិនបើ​គ្មាន​ការ​បន្ត​គាំទ្រ និង​ចូល​រួម​របស់​អ្នកតំណាង​ស្ថាប័ន​អប់រំ​។​»

ដោយឡែក មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី​ការ​ចុះឈ្មោះ​ប្រលង និង​ប្រព័ន្ធ​តេស្ត IELTS CDI ថ្មី​។​

ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវបាន​គេ​រំ​ពឹង​ទុក​ថា​នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើឲ្យ​​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu