Ad Code

នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ជំរុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​តែ​ចូលរួម​អនុវត្ត នូវ​គោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែម​ទៀត​



​ប៉ៃលិន​ ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ជំរុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវតែ​ចូលរួម​អនុវត្ត នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ម៉ឺងម៉ាត់ លើ​កិច្ចការងារ​រក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

​ពិធី​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត ,​គណៈប្រតិភូ​អម​គណៈអធិបតី ,​ព្រះរាជអាជ្ញា សមត្ថកិច្ច​ទាំងបី​ស្ថាប័ន​, ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ,​ចៅសង្កាត់ មេឃុំ ចូលរួម​ជាង​២០០​នាក់។​

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​រាយការណ៍​ពី​សមិទ្ធផល ដែល​សម្រេចបាន​នា​ឆ្នាំ​២០១៨​កន្លងទៅ ដោយ​ក្នុងនោះ​មានដូចជា​ផ្លូវថ្នល់ សាលារៀន ស្រះ​អណ្តូងទឹក ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង រួម​នឹង​ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ​។

ឯកឧត្ដម​បន្ត​ថា ជាមួយនឹង​សមិទ្ធផល ដែល​យើង​ទទួល​បាន តែ​យើង​ក៏​នូវ​ជួប​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់ ដែល​តំបន់​មួយចំនួន​នៅក្នុង​ខេត្ត​កំពុង​តែមាន​ការខ្វះ​ខាត់​ទឹកជា​បណ្តើៗ​ផងដែរ។​

ថ្លែង​ក្នុងឱកាស​នោះដែរ តាំងនាម ​រាជរដ្ឋាភិបាល នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ពាំនាំ​ការសួរសុខទុក្ខ និង​ការ​កោតសរសើរ ជូនពរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ និង​ថែរក្សា​សន្តិភាព ព្រមទាំង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ដែល​បាន​ធ្វើ​ឲ្យ​ខេត្ត​ប៉ៃលិន ប្រែក្លាយ​ពី​តំបន់​ប្រយុទ្ធ ទៅជា​តំបន់ ដែលមាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ គណៈអធិបតី ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានប្រកាស​នៅក្នុង​គណៈរដ្ឋមន្ត្រី​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយមាន​យុទ្ធសាស្ត្រ​ចំនួន​៤ រួមមាន ៖​
ទី​១-​ធានា​ឲ្យ​បាន​នូវ​សេដ្ឋកិច្ចជាតិ អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧%។
​ទី​២-​ការ​បង្កើន​ការងារ​ឲ្យ​បាន​ច្រើន​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ប្រជាពលរដ្ឋ ពិសេស បង​ប្អូន​ប្រជាពលរដ្ឋ​យើង យុវជន​យើង​មានមុខ​របរ មានការ​ងារ​ធ្វើ មាន​ចំណូល​ក្នុងការ​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ។
ទី​៣-​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ស្ថិតនៅ​អត្រា​ទាប​ជាង​១០% និង​មិន​ឲ្យ​ភាពក្រីក្រ​ត្រលប់​មកវិញ។
ទី​៤-​ពង្រឹងសមត្ថភាព និង​អភិបាលកិច្ច​ នៃ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដឹង​សុខ​ដឹង​ទុក​របស់​ប្រជាពលរដ្ឋ។​

ជាមួយគ្នានេះដែរ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ក៏បាន​ជំរុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​តែ​ចូលរួម​អនុវត្ត នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ម៉ឺងម៉ាត់ លើ​កិច្ចការងារ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ ត្រូវ​លុបបំបាត់​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​កុំ​ឲ្យ​កើតមានឡើង ដូចជា​ ៖ ល្បែងស៊ីសង ក្មេង​ទំនើង ចរាចរណ៍ ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ដែល​បញ្ហា​ទាំងនេះ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវមាន​ការសហការ​គ្នា ពិសេស​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ជា​ប្រចាំ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ត្រៀម​ឲ្យ​បានជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ និង​ដោះស្រាយ​ទឹក ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា នូវ​បញ្ហា​គ្រោះធម្មជាតិ ដែល​កើតមានឡើង​នៅ​ឆ្នាំ​២០១៩​នេះ​ផង​ដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu