ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៨ មីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញពិសាបាយសាមគ្គីជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ៣២០ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលនេះគឺជាការជួបជុំសំណេះសំណាលនិងពិសាបាយសាមគ្គីលើកទី២ រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ។
របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំងនោះ បានធ្វើឲ្យអ្នកប្រកបរបរនេះជួបការលំ បាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏សម្បូរបែប និងទំនើបៗ នាពេលបច្ចុប្បន្នបានជំនួសឲ្យស៊ីក្លូ ដែលធ្វើឲ្យមុខរបរមួយនេះហាក់ដូចជាត្រូវបាត់បង់បន្តិចម្តងៗ ក៏ប៉ុន្តែទេសចរណ៍បរទេសមួយចំនួនមកពីតំបន់អឺរ៉ុបនៅតែមានការចាប់អារម្មណ៍នឹងសេវាកម្មមួយនេះ ពួកគេតែងធ្វើដំណើរតាមស៊ីក្លូទស្សនាទីក្រុងផងដែរ ដែលធ្វើឲ្យមុខរបរមួយនេះអាចបន្តជីវិតដោយលំបាក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិទ្រទ្រង់អ្នកប្រកបរបរធាក់ស៊ីក្លូនៅកម្ពុជា។ គោលបំណងនៃការបង្កើតមូលនិធិស៊ីក្លូដើម្បីជួយទ្រទ្រង់ជីវភាពរបស់ក្រុមអ្នកធាក់ស៊ីក្លូ ,ដើម្បីអភិរក្សមុខរបរធាក់ស៊ីក្លូ និងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបោះទុនដំបូង ១០០លានរៀលនិងបង់ប្រចាំខែមួយខែ ១០លានរៀលទៀតសរុបមួយឆ្នាំ ១២០លានដល់មូលនិធិនេះ។
តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួនរបស់អ្នកប្រកបរបរធាក់ស៊ីក្លូនិងជួយឲ្យថវិកាដែលរកបានដោយលំបាកពីការធាក់ស៊ីក្លូ បានសល់សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។
អត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមត្រីចក្រក្រយាន(ស៊ីក្លូ) អ្នកធាក់ស៊ីក្លូត្រូវបានទទួលនូវអត្ថប្រយោជន៍ ៥យ៉ាង៖
ទី១. ចូលទៅក្រោមមូលនិធិសមធម៌ដើម្បីទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីពេទ្យរដ្ឋទាំងអស់។ ប័ណ្ណសមាជិកនេះត្រូវបបានយកទៅចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គមរបស់ក្រសួងការងារ ដើម្បីផ្ដល់ទៅឲ្យការពិនិត្យព្យាបាលដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋក្រោមមូលនិធិសមធម៌។ នេះជាផលប្រយោជន៍ដែលទទួលបានដូចដែលខ្ញុំបានប្រកាសទីក្រុងខណ្ឌគោលនយោបាយចំពោះអត្ថប្រយោជន៍ដែលកម្មករទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធត្រូវទទួលបាន។
ទី២-ទទួលបាននូវប័ណ្ណមូលនិធិនេះគឺទទួលប្រាក់ប្រចាំថ្ងៃ ៧ពាន់រៀលក្នុងមួយថ្ងៃ។ មានន័យថាមូលនិធិ នឹងផ្ដល់ជូននូវតម្លៃដែលខ្លួនធ្លាប់ជួលស៊ីក្លូដែលយើងស៊ើបដឹងតម្លៃជួលស៊ីក្លូនោះគឺចន្លោះពី ១៧០០ ទៅ ២០០០រៀល ។ ដូច្នេះយើងនឹងផ្ដល់២០០០ រៀល តែម្ដង បើទោះបីជាអ្នកនោះមានស៊ីក្លូខ្លួនឯងក៏ដោយ ក៏យើងចាត់ទុកថា ២០០០រៀលនេះ គឺជាប្រាក់ដើម្បីគាត់ថែទាំស៊ីក្លូ ។ ក្រៅពីនោះយើងផ្តល់៥ពាន់រៀលសម្រាប់ម្នាក់គឺជាតម្លៃនៃការទទួលទានសម្រាប់ទទួលទានឬហៅថាប្រាក់បាយប្រចាំថ្ងៃ៕
Source: Kampuchea Thmey Daily
0 Comments